ខេត្តស្វាយរៀង៖ ទន្ទឹមនឹងការិយាល័យច្រកចេញតែមួយថ្នាក់ក្រុង ស្រុកទាំងអស់ ដែលបាននឹងកំពុងដំណើរការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលនោះ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលសាលាខេត្តស្វាយរៀង ក៏កំពុងតែមមាញឹកណាស់ដែរ។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។
លោកស្រី អ៊ុក ចិន្តា អនុប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀង បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែចុងក្រោយ គិតចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋប្រមាណជាង ២ម៉ឺន ៦ពាន់ សេវា។ លោកស្រី អ៊ុក ចិន្តា បានបន្តថា ក្នុងចំណោមសេវា ដែលអង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀងទទួលបន្ទុកផ្ដល់ជូនប្រជាពលរដ្ឋនោះ វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានឈរនៅលំដាប់វិស័យទទួលការស្នើសុំសេវាពីប្រជាពលរដ្ឋបានច្រើនជាងគេ មានរហូតដល់ទៅ ១៧,៣៤៤សេវា ក្នុងនោះ ការងារសំណង់មាន ១០សេវា និងការងារសូរិយាដីមាន ១៧,៣៣៤សេវា។ វិស័យបន្ទាប់ដែលអង្គភាពច្រកចេញចូលតែមួយខេត្តបានផ្ដល់ជូនប្រជាពលរដ្ឋបានច្រើនដែរនោះ គឺវិស័យកសិកម្ម មានជាង ៥ពាន់សេវា និងវិស័យសាធារណការ និងដឹកជញ្ជូន ដែលមានប្រមាណជិត ២ពាន់សេវា។ លោកស្រីបានអោយដឹងទៀតថា អង្គភាពច្រកចេញចូលតែមួយខេត្តខេត្តស្វាយរៀង ទទួលបន្ទុកផ្ដល់សេវាជូនប្រជាពលរដ្ឋ ចំនួន១៤ វិស័យ រួមមាន ការងារនីត្យានុកូលកម្ម ការងាររដ្ឋបាល សុខាភិបាល ទេសចរណ៍ សាធារណការ និងដឹកជញ្ជូន វប្បធម៌ និងវិចិត្រសិល្បៈ ព័ត៌មាន បរិស្ថាន ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រ៉ែ និងថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្នុងចំណោមវិស័យដូចបានបញ្ជាក់ខាងលើមកនេះ ក៏មានវិស័យដែលទទួលបានការស្នើសុំសេវាពីប្រជាពលរដ្ឋក្នុងចំនួនតិចតួច និងវិស័យដែលមិនទាន់ទទួលបានការស្នើសុំសេវាពីពលរដ្ឋដែរ ក្នុងរយៈពេល ៦ខែ ដូចគ្នានោះ។ តួយ៉ាងវិស័យបរិស្ថាន ផ្ដល់បានចំនួន១ វិស័យរ៉ែ និងថាមពល ផ្ដល់បានចំនួន៣ វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្ដល់បានចំនួន៣ និងវិស័យសុខាភិបាលផ្ដល់បានចំនួន៩ ខណៈវិស័យដែលនៅមិនទាន់បានការស្នើសុំសោះពីប្រជាពលរដ្ឋក្នុងរយៈពេល ៦ខែ ដូចគ្នានោះ មានវិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យពាណិជ្ជកម្ម។
ជុំវិញវិស័យដែលមិនទាន់ទទួលការស្នើសុំសេវាពីពលរដ្ឋ លោកស្រីអនុប្រធានអង្គភាពច្រកចេញចូលតែមួយ ខេត្តស្វាយរៀង បានពន្យល់ថា «វិស័យវប្បធម៌ និងវិចិត្រសិល្បៈ គឺក្រសួងបានវិមជ្ឈការមកឱ្យច្រកយើងចំនួន ១សេវា គឺសេវាស្នើសុំការប្រគុំតន្រ្តីអន្តរជាតិ ដែលខេត្តយើងមិនទាន់មានការប្រគុំតន្ត្រីលំដាប់នេះទេ មានតែការប្រគុំតន្រ្តីជាតិ ដែលផ្ដល់ដោយការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក។ ចំណែកវិស័យពាណិជ្ជកម្ម យើងទទួលពីក្រសួង១សេវា ហើយមួយឆ្នាំមានពលរដ្ឋស្នើសុំតែមួយទេ គឺសេវាផ្ដល់លិខិតអនុញ្ញាតលក់ផលិតផល ឬលក់ទំនិញជារូបិយបណ្ណបរទេស។
ក្រសួងមហាផ្ទៃ បានសហការសម្របសម្រួល ជាមួយក្រសួង ស្ថាប័ននានា រៀបចំដាក់ឱ្យដំណើរការនូវការផ្តល់សេវានៅតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយនៅគ្រប់រាជធានីខេត្ត និងក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ព្រមទាំងបានដាក់ឱ្យដំណើរការនូវយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ សង្កាត់ ដើម្បីធានាផ្តល់សេវាជូនប្រជាជនឱ្យកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។ យន្តការច្រកចេញចូលតែមួយ បានទទួលការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ និងទទួលបានការអបអរសាទរពីសំណាក់អង្គការជាតិ-អន្តរជាតិ និងបណ្ដាប្រទេសជាដៃគូ ដូចជា អង្គការតម្លាភាពកម្ពុជា អង្គការGIZ រដ្ឋាភិបាលបាលជប៉ុន និងស្វីសជាដើម។
ដូចនីតិកាលមុនៗដែរ នៅក្នុងនីតិកាលទី៧នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បាននឹងកំពុងបន្តយកចិត្តទុកដាក់ ដឹកនាំ និងណែនាំឱ្យរដ្ឋបាលខេត្តខិតខំសម្របសម្រួលជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីពន្លឿនការផ្ទេរសេវានានាដែលនៅសេសសល់មកឱ្យអង្គភាពច្រកចេញចូលតែមួយ និងលើកកម្ពស់ការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីដែលបំពេញការងារនៅតាមយន្តការច្រកចេញចូលតែមួយឱ្យបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ តាមទស្សនៈ អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕
ដោយ៖ សហការី