ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងធនធានទឹក ចុះស្វែងយល់ការប្រមូលផលត្រីនៅដាយត្រីស្រុកពញាឮ ខេត្តកណ្តាល

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ​ បានដឹកនាំប្រតិភូអាជ្ញាធរទន្លេសាប អញ្ជើញចុះស្វែងយល់ពីការប្រមូលផលនេសាទនៅដាយលេខ១៥E ស្ថិតក្នុងភូមិសាស្រ្តភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ 

សូមជម្រាបថា ដំណើរស្វែងយល់ពីផលចាប់តាមដាយនេះឃើញថា ត្រីភាគច្រើនជាប្រភេទត្រីសម្រាប់ធ្វើប្រហុក ផ្អក និងត្រីនុយ នៅតាមគន្លងដាយអាជីវកម្មនេសាទក្នុងដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល (គន្លងជួរ១៥E)។ តាមការសាកសួរពីម្ចាស់ដាយ ការលើកម្តងក្នុងរយៈពេលប្រមាណជា១ម៉ោងម្តងបានត្រីចន្លោះពី១០០ ទៅ១៥០ គីឡូក្រាម។ ដោយមួយគីឡូក្រាមថ្លៃនៅលើផែពី ២ ០០០ ទៅ ២ ៣០០រៀល ត្រីកាត់ក្បាលរួចនៅលើច្រាំង ៦ ០០០រៀល។ ដោយឡែក ទឹកទន្លេសាប នៅចំណុចខាងលើមានជម្រៅ ១៤,១ម៉ែត្រ។

នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានណែនាំបន្ថែមដល់មន្រ្តីបច្ចេកទេស ឱ្យរៀបចំរបាយការណ៍លម្អិតពីលទ្ធផលនៃការសិក្សាស្រាវជ្រាវកន្លងមក ដើម្បីសហការជាមួយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការគ្រប់គ្រងធនធានជលផល និងបរិស្ថាន។

គួរបញ្ជាក់ថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ បានជូនដំណឹងពីរដូវនេសាទឆ្នាំ២០២៣-២០២៤ ដោយបានបញ្ជាក់ថា ត្រីចាប់ផ្ដើមបម្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង៕

ដោយ៖ សហការី


ចែករំលែក៖