ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតប ជូនសាធារណជនទៅនឹងគេហទំព័រឈ្មោះ KCTV Cambodia ដែលបានចុះផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ មានខ្លឹមសារថា ៖ វង់ល្បែងស៊ីសងនៅស្រុកស្អាង ស្រុកកោះធំ និងក្រុងសំពៅពូន គេលេងយ៉ាងគគ្រឹកគគ្រេង តែលោក ឈឿន សុចិត្ត ហាក់នៅសម្ងំស្ងៀមមិនឃើញឲ្យកូនចៅបង្រ្កាបឡើយ តើមានហេតុអ្វីទៅទាន។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវពាក់ព័ន្ធទៅនឹងខ្លឹមសារនិងរូបភាពដែលបានយកមកផ្សព្វផ្សាយនោះឃើញថា គឺជារូបភាពចាស់ជាយូរណាស់មកដោយ ពេលនោះសមត្ថកិច្ចបានធ្វើការបង្រ្កាបជាបន្តបន្ទាប់ ព្រមទាំងបានឆ្លើយតបជូនសារធារណជនឲ្យបានជ្រាបរួចមកហើយដែរ។
ដោយឡែកពាក់ព័ន្ធទៅនឹងទីតាំងអនឡាញដូចក្នុងរូបភាពដែលបានចុះផ្សាយនេះ គឺជារូបភាពចាស់ដូចគ្នាដែលសមត្ថកិច្ចបានបង្រ្កាបកន្លងមក។ បច្ចុប្បន្នមិនមានរូបភាពបែបនេះនៅក្នុងមូលដ្ឋានស្រុកស្អាង កោះធំ និងក្រុងសំពៅពូនទៀតនោះទេ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប និងកុំមានការភាន់ច្រឡំ៕
ដោយ ៖ សហការី