ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងខ្យល់កន្ត្រាក់នារដូវរំហើយ ដែលបក់មកពីតំបន់ជួរភ្នំកំចាយរយៈពេលពីរថ្ងៃវាយប្រហារផ្ទះអ្នកស្រុកអស់ជាង៨០០ខ្នង ​

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ អំពី ធាតុអាកាស អាកាសធាតុ បញ្ជាក់ពីខ្យល់កន្ត្រាក់ ធ្លាក់ត្រជាក់ រលកសមុទ្រ ដើម្បីអោយប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ហើយអាជ្ញាធរ មានវិធានការ អន្តរាគមន៍ជួយប្រជាពលរដ្ឋជាដើម ។ 

បើមើលរូបក៏ញាក់សាច់ដែរ…​អ្នកធ្វើ​ដំណើរ​តាម​ម៉ូតូ​មិន​អាច​ទៅ​មក​បាន​នោះ​ទេ ឯ​រថយន្ត​ក៏​ទាមទារ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ដែរ ដោយសារ​តែ​​​​​កម្លាំង​ខ្យល់កួច​ដី​ហុយ​រក​មើល​អ្វី​មិនឃើញ ខណៈខ្យល់កន្ត្រាក់នារដូវរំហើយ ដែលបក់មកពីតំបន់ជួរភ្នំកំចាយរយៈពេលពីរថ្ងៃវាយប្រហារផ្ទះអ្នកស្រុកអស់ជាង៨០០ខ្នង ​លើ​ឃុំ​ចំនួន​៤ ​ស្ថិតនៅ​ស្រុក​ព្រៃ​នប់  នេះបើតាម​របាយការណ៍​របស់​រដ្ឋបាល​ស្រុក​ឱ្យ​ដឹងកាលពី​ថ្ងៃ​២២ ធ្នូ ឆ្នាំ២០២៣ កន្លងមក។ ក្នុងឃើញ សមត្ថកិច្ច អាជ្ញាធរ ចេញអន្តរាគមន៍ ជួយ និងសម្រួលចរាចរណ៍ ផ្តល់ការណែនាំ បើកបរក្នុងការប្រុងប្រយ័ត្ន។ 

របាយការណ៍​​បាន​បន្ថែម​ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋបាល​ស្រុក បាន​ប្រើប្រាស់​កម្លាំង​សរុប​១៦២​នាក់ សម្រាប់​ជួយ​សង្គ្រោះ និង​ជំលៀស​ប្រជាពលរដ្ឋ​ចេញពី​ទីតាំង​រង​ហានិភ័យ ប្រឈម​នឹង​គ្រោះថ្នាក់​មក​កាន់​ទីកន្លែង​ដែល​មាន​សុវត្ថិភាព ​និង​បាន​ជួយ​សម្រួល​ចរាចរណ៍​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​ផង​ដែរ ។ តាម​ព័ត៌មាន​ថា ឃុំ​ខ្លះ​ខ្យល់​មាន​ស្ថានភាព​ខ្លាំង​ជាង​ថ្ងៃ​ទី​១​ទៅ​ទៀត ហើយ​ក៏​មាន​ការ​ខូចខាត​បន្ត តែ​មិន​ទាន់​ទទួល​ព័ត៌មាន​បន្ថែម​នៅឡើយ​ទេ ។ 

សូមបញ្ជាក់ថា៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា ៖

ប្រព័ន្ធសម្ពាធខ្ពស់នៅលើប្រទេសចិននៅតែបន្តបង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសបន្តចុះត្រជាក់នៅពេលព្រឹក៖

១-តំបន់វាលទំនាប ៖

⁃ សីតុណ្ហភាពអប្បបរមាពី១៦-២២°C និងសីតុណ្ហភាពអតិបរមាពី២៦-២៨°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី

⁃ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប សីតុណ្ហភាពអប្បបរមាពី១៦-១៨°C។

២-តំបន់ខ្ពង់រាប ៖ 

⁃ សីតុណ្ហភាពអប្បបរមាពី១៦-២២°C និងសីតុណ្ហភាពអតិបរមាពី២៦-២៨°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី

⁃ ខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមាពី១៦-១៨°C។

៣-តំបន់មាត់សមុទ្រ ៖

⁃ សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី២៧-២៩°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៦-៨ម៉ែត្រ/វិនាទី

⁃ រលកសមុទ្រមានកម្ពស់ពី១,២៥-២,០០ម៉ែត្រ។

អាស្រ័យពីស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕

ដោយ ៖ សហការី


ចែករំលែក៖