ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រើប្រាស់លើកំណាត់ផ្លូវទៅព្រលានយន្តហោះសៀមរាបអង្គរ មិនតម្រូវបង់លុយនោះទេលើកលែងតែចូលទៅក្នុងព្រលានយន្តហោះ

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋគ្រប់រូបដែលធ្វើដំណើរលើកំណាត់ផ្លូវទៅព្រលានយន្តហោះសៀមរាបអង្គរ មិនតម្រូវបង់លុយថ្លៃរថយន្តនោះទេ លើកលែងតែចូលទៅក្នុងព្រលានយន្តហោះ។

មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តសៀមរាបបានថ្លែងថា ការធ្វើដំណើររបស់ពលរដ្ឋ លើផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ គឺមិនមានការឲ្យបង់លុយនោះទេ លើកលែងតែរថយន្តចូលទៅក្នុងព្រលានយន្តហោះតែប៉ុណ្ណោះ។ ក្នុងនោះរថយន្តតូច២ដុល្លារនិងរថយន្តធំ៣ដុល្លារ។ តែសម្រាប់ពលរដ្ឋប្រើប្រាស់លើកំណាត់ផ្លូវនឹងមិនមានការបង់លុយនោះទេ។

ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីមានបណ្ដាញសង្គមហ្វេសប៊ុកបានធ្វើការផ្សព្វផ្សាយ ថាផ្លូវទៅព្រលានយន្តហោះសៀមរាបអង្គរ ត្រូវបង់លុយទោះបីផ្លូវនេះជាផ្លូវធម្មតាហើយវាមិនមែនជាផ្លូវល្បឿនលឿនក៏ដោយ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។ ព្រលានយន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន។

អាកាសយានដ្ឋានថ្មី​ ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)» ដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប៕

ដោយ ៖ សិលា 


ចែករំលែក៖