ខេត្តសៀមរាប៖ ប្រជាពលរដ្ឋគ្រប់រូបដែលធ្វើដំណើរលើកំណាត់ផ្លូវទៅព្រលានយន្តហោះសៀមរាបអង្គរ មិនតម្រូវបង់លុយថ្លៃរថយន្តនោះទេ លើកលែងតែចូលទៅក្នុងព្រលានយន្តហោះ។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តសៀមរាបបានថ្លែងថា ការធ្វើដំណើររបស់ពលរដ្ឋ លើផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ គឺមិនមានការឲ្យបង់លុយនោះទេ លើកលែងតែរថយន្តចូលទៅក្នុងព្រលានយន្តហោះតែប៉ុណ្ណោះ។ ក្នុងនោះរថយន្តតូច២ដុល្លារនិងរថយន្តធំ៣ដុល្លារ។ តែសម្រាប់ពលរដ្ឋប្រើប្រាស់លើកំណាត់ផ្លូវនឹងមិនមានការបង់លុយនោះទេ។
ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីមានបណ្ដាញសង្គមហ្វេសប៊ុកបានធ្វើការផ្សព្វផ្សាយ ថាផ្លូវទៅព្រលានយន្តហោះសៀមរាបអង្គរ ត្រូវបង់លុយទោះបីផ្លូវនេះជាផ្លូវធម្មតាហើយវាមិនមែនជាផ្លូវល្បឿនលឿនក៏ដោយ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។ ព្រលានយន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន។
អាកាសយានដ្ឋានថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)» ដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប៕
ដោយ ៖ សិលា