ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្ត្រី​ គន់ គីម៖​ ជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ បង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានា

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ លោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជា អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី​២៤​ ខែធ្នូ​ម្សិលមិញនេះ​ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៣ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់។

ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់លោកឧត្តមសេនីយ៍ ប្រតិភូអមដំណើរ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់  លោក-លោកស្រី លោកអនុប្រធាន គណៈកម្មាធិការ ស.អ.ក ខេត្ត ប្រធាន-អនុប្រធាន និងសមាជិក លេខាធិការដ្ឋាន ស.អ.ក ខេត្ត ប្រធាន-អនុប្រធាន គណៈកម្មាធិការ ក្រុង-ស្រុក ប្រធាន-អនុប្រធាន លេខាធិការដ្ឋាន ស.អ.ក ក្រុង -ស្រុក និងប្រធានសាខា ស.អ.ក ឃុំ-សង្កាត់ ប្រធានគណៈកម្មាធិការ ស.អ.ក. ក្រុង/ស្រុក  និងអ្នកពាក់ព័ន្ធជាច្រើនរូប។

បន្ទាប់ពីប្រធានគណៈកម្មាធិការ ស.អ.ក. ខេត្ត បានអានរបាយការណ៍សកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ រួចមក ថ្លែងនាឱកាសនោះ លោកនាយឧត្តមសេនីយ៍ គន់ គីម បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់សមាគមខេត្ត។ លោក​ ក៏បានមានប្រសាសន៏លើកឡើងថា ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មិនដែលភ្លេចនូវគុណូបការៈ ដែលបងប្អូនបានខិតខំនាពេលកន្លងមក គឺនៅតែចងចាំ នៅតែដឹងគុណជាប់ជានិច្ចចំពោះបងប្អូនអតីតយុទ្ធជន គ្រួសារអ្នកពលី-មរណៈ ជនពិការ និងនិវត្តន៍ជន មន្រ្តីរាជការស៉ីវិលទាំងអស់ និងបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់លើជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោលើការងារអតីតយុទ្ធជននេះ លោកតែងទទួលបានការដាស់តឿន និងក្រើនរំលឹកជាប់ជានិច្ចពីសំណាក់សម្តេចតេជោ ឱ្យយកចិត្តទុកដាក់ គិតគូរលើសុខទុក្ខ ជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន ជាពិសេសត្រូវប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមរបស់អតីតយុទ្ធជន និងប្រឹងប្រែងលើកកម្ពស់ជីវភាពរបស់ពួកគេឱ្យបានប្រសើរ តាមរយៈការផ្តល់ដីសម្បទានសង្គមកិច្ច ផ្តល់ផ្ទះ និងជំរុញការដាំដុះបង្កបង្កើនផលជាដើម។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ បង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានា ហើយត្រូវឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគេ ជាពិសេសសម្រាប់អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម ត្រូវស្រង់ទិន្នន័យ ហើយរៀបចំសង់ផ្ទះ និងបែងចែកដីសម្បទានសង្គមកិច្ចជូន៕

ដោយ៖ ស តារា


ចែករំលែក៖