ភ្នំពេញ ៖ បុរសម្នាក់ បានបេីករថយន្តស្ទូចមួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូស្គូពីពីក្រោយ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ តែនារីរងគ្រោះម្ចាស់ម៉ូតូខ្ទាតចេញក្រៅរងរបួសស្រាល ដោយបង្កការភ្ញាក់ផ្អេីល និងស្ទះចរាចរណ៍ដល់អ្នកដំណេីរកាលវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចមុខមន្ទីរពេទ្យរុស្សុី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយជាប្រភេទរថយន្តស្ទូច ក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3E -2994 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូស្គូពី ពណ៌ខ្មៅ ជិះដោយនារីម្នាក់ស្របគ្នានឹងបម្រុងបត់ចូលមន្ទីរពេទ្យរុស្សុី តែមិនទាន់បត់ផុតផងក៏ត្រូវរថយន្តស្ទួចមកបុកពីក្រោយ បណ្ដាលឱ្យនារីរងគ្រោះខ្ទាតចេញពីម៉ូតូមកផ្លូវម្ខាងរងរបួសស្រាល តែម៉ូតូខ្ទាតចូលក្រោមកង់រថយន្ត កិនរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ តៃកុងរថយន្តបង្កបានចុះពីរថយន្តគេចខ្លួនបាត់ស្រមោល ទេីបធ្វេីឱ្យរថយន្តនៅកណ្ដាលផ្លូវបង្កការកកស្ទះចរាចរណ៍ដល់អ្នកដំណេីរ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះមកដល់ និងជួយសម្រួលចរាចរណ៍ ព្រមទាំងមានតំណាងរថយន្តបង្កចេញមកដោះស្រាយជាមួយភាគីម៉ូតូ ទេីបអាចបញ្ចប់រឿង យកម៉ូតូនិងរថយន្តចេញពីកន្លែងកេីតហេតុបាន ៕
ដោយ ៖ ភារ៉ា ដង្កោ