ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូចបេីកបុកនឹងកិនម៉ូតូស្គូពីនៅមុខពេទ្យរុស្សុី​រងការខូចខាត​យ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់​ បានបេីករថយន្តស្ទូចមួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូស្គូពីពីក្រោយ​ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ​ តែនារីរងគ្រោះម្ចាស់ម៉ូតូខ្ទាតចេញក្រៅរងរបួសស្រាល ដោយបង្កការភ្ញាក់ផ្អេីល​ និងស្ទះចរាចរណ៍ដល់អ្នកដំណេីរកាលវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣​ នៅតាមបណ្ដោយផ្លូវ២៧១​ ត្រង់ចំណុចមុខមន្ទីរពេទ្យរុស្សុី​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុ​ គេឃើញរថយន្តបង្កម៉ាក​ ហ៊ីយ៉ាន់ដាយជាប្រភេទរថយន្តស្ទូច​ ក្បាលពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ3E -2994 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង​ ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូស្គូពី​ ពណ៌ខ្មៅ​ ជិះដោយនារីម្នាក់ស្របគ្នានឹងបម្រុងបត់ចូលមន្ទីរពេទ្យរុស្សុី​ តែមិនទាន់បត់ផុតផង​ក៏ត្រូវរថយន្តស្ទួចមកបុកពីក្រោយ​ បណ្ដាលឱ្យនារីរងគ្រោះខ្ទាតចេញពីម៉ូតូមកផ្លូវម្ខាងរងរបួសស្រាល​ តែម៉ូតូខ្ទាតចូលក្រោមកង់រថយន្ត​ កិនរងការខូចខាតយ៉ាងដំណំ។

​ក្រោយកើតហេតុ​ តៃកុងរថយន្តបង្កបានចុះពីរថយន្តគេចខ្លួនបាត់ស្រមោល​ ទេីបធ្វេីឱ្យរថយន្តនៅកណ្ដាលផ្លូវបង្កការកកស្ទះចរាចរណ៍ដល់អ្នកដំណេីរ​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះមកដល់​ និងជួយសម្រួលចរាចរណ៍​ ព្រមទាំងមានតំណាងរថយន្តបង្កចេញមកដោះស្រាយជាមួយភាគីម៉ូតូ​ ទេីបអាចបញ្ចប់រឿង​ យកម៉ូតូនិងរថយន្តចេញពីកន្លែងកេីតហេតុបាន​ ៕​

ដោយ​ ៖​ ភារ៉ា ដង្កោ


ចែករំលែក៖