ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានគាំទ្រការវិនិយោគដោយប្រើថាមពលស្អាតដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាសហគមន៍

ចែករំលែក៖

ភ្នំពេញ៖ បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងគាំទ្រចំពោះក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (MirarthAgri Teach Co., Ltd.)ដែលបានវិនិយោគ និងកែច្នៃស្វាយចន្ទី ដើម្បីនាំចេញទៅប្រទេសជប៉ុនតាម រយៈការពង្រីករោងចក្រកែច្នៃស្វាយចន្ទីពីខ្នាតមធ្យមទៅខ្នាតធំដោយប្រើប្រាស់ថាមពលស្អាត (Green energy)។ ជាមួយគ្នានេះលោករដ្ឋមន្រ្តីបានជំរុញឱ្យក្រុមហ៊ុនសហការផ្ទាល់ជាមួយប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ដើម្បីលើកទឹកចិត្តឱ្យពួកគាត់ដាំស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារ ដែលនឹងផ្តល់ប្រាក់ចំណូលដល់ប្រជាសហគមន៍ផង និងផ្តល់នូវភាពស្អាតដល់បរិស្ថានផង។ ការថ្លែងឡើងនេះ គឺនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួង ថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២៣ ។

លោក សាសាគី កូជី (Sasaki Koji) នាយកប្រតិបត្តិនៃក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (Mirarth Agri Teach Co., Ltd.) បានជម្រាបជូនបណ្ឌិតរដ្ឋមន្រ្តីអំពីគម្រោងការវិនិយោគខ្នាតមធ្យមកន្លងមកដែលសម្រេចបានប្រមាណជាង១ពាន់តោន ហើយជាគម្រោងក្រុម ហ៊ុននឹងពង្រីករោងចក្រកែច្នៃស្វាយចន្ទីដែលរួមមានគ្រាប់ស្វាយចន្ទី និងសម្បកស្វាយចន្ទីឱ្យទៅជាប្រេង ដោយប្រើប្រាស់ថាមពលស្អាត(Green energy) បន្ថែមទៀតនៅក្នុងខេត្តព្រះវិហារ តាមរយៈការនាំយកបច្ចេកវិទ្យាពីប្រទេសជប៉ុន សំដៅដល់ការផលិតឱ្យបានជាង ២ម៉ឺនតោនក្នុងមួយឆ្នាំៗ ។ 

បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន មីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (Mirarth Agri Teach Co., Ltd.) ក្នុងការវិយោគ ដែលបានផ្តល់ជាប្រយោជន៍ដល់ប្រជាសហគមន៍ ជាពិសេសការលើក កម្ពស់ជីវភាពសហគមន៍តាមរយៈការដាំដើមស្វាយចន្ទី ហើយដើមស្វាយចន្ទីនេះទៀតសោតអាចជួយបង្កើននូវគម្របព្រៃឈើ និងផលរបស់ស្វាយចន្ទីផ្តល់ជាប្រាក់ ចំណូលឱ្យប្រជាសហគមន៍មានជីវភាពល្អប្រសើរ កាត់ បន្ថយការចូលព្រៃរកអនុផលព្រៃឈើ ឬសំលាប់សត្វ ម្យ៉ាងវិញទៀតដើមស្វាយចន្ទីក៏ជាប្រភេទដើមឈើដែលជួយស្រូបយកឧស្ម័នកាបូនិច និងផលិតជាអុកស៊ីសែនទៅក្នុងបរិយាកាសវិញ។ ការវិនិយោគដែលផ្តល់ប្រយោជន៍ផ្ទាល់ទៅសហគមន៍បែបនេះ គឺស្របតាមយុទ្ធសាស្រ្តគន្លឹះ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ គឺផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព។ 

សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការនេះឆ្លើយតប ទៅនឹងមុំទី៥នៃយុទ្ធសាស្រ្តស្នូលទី៤ ដែលបានផ្តោតលើ ការបន្តកសាងភាពជាដៃគូប្រកបដោយបរិយាបន្ន និងស័ក្តិសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍៕

ដោយ៖ សូរិយា


ចែករំលែក៖