ខេត្តកំពង់ស្ពឺ៖ សហគមន៍ព្រៃឈើប្រាំបីម៉ុមបានអះអាងថាសត្វព្រៃមាន ប្រើស,ទន្សោង,ឈ្លូស,ជ្រូកព្រៃ,ក្ងោកនិងសត្វព្រៃជាច្រើនប្រភេទទៀតដែលនៅសេសសល់ក្នុងព្រៃនេះកំពុងរងការវាយប្រហារយ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០២៣នេះ ហើយវានឹងអាចផុតពូជ ប្រសិនបើអាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ពន្ធ័ មិនមានវិធានការទប់ស្កាត់ឱ្យបានតឹងរ៉ឹងទេនោះ។
លោក សឿន ឡាយ ប្រធានសហគមន៍ព្រៃឈើប្រាំបីម៉ុមបានប្រាប់ឱ្យដឹងថា អន្ទាក់ត្រូវបានគេដាក់ពង្រាយពាសពេញព្រៃហើយកើនឡើងទ្វេរដង ដែលបង្កជាការ គម្រាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវិតសត្វកម្រ ទន្សោង ឈ្លូស ប្រើស ជ្រូកព្រៃ ក្ងោកនិងសត្វផ្សេងទៀត។ លោកថាកាលពីឆ្នាំ២០២២ អន្ទាក់ដែលសហគមន៍រកឃើញមានតែ៤៤៤អន្ទាក់ប៉ុណ្ណោះ តែនៅឆ្នាំ២០២៣នេះគិតត្រឹមខែធ្នូ សហគមន៍បានរកឃើញអន្ទាក់ជិត៩០០ អន្ទាក់ ដែលចំនួននេះហក់ឡើងទ្វេរដង។
ប្រធានសហគមន៍ព្រៃឈើប្រាំបីម៉ុមលោក សឿន ឡាយ បានបន្ថែមថា អន្ទាក់ត្រូវបានកម្លាំងសហគមន៍រកឃើញគេដាក់ពង្រាយនៅតាមទីតាំងដែលសម្បូរព្រៃក្រាស់ៗ និងចំការអំពៅដែលមានប្រភពទឹក។ លោកថា អន្ទាក់គឺ ជាអាវុធដ៏សាហាវដែលអាចផ្តាច់ជីវិតសត្វកម្រទាំងនេះបានត្រឹមតែរយៈពេលខ្លី។ ការស្លាប់សត្វទន្សោងច្រើនគឺផ្តើមចេញពីអន្ទាក់ ទោះជាកម្លាំងសហគមន៍ប្រឹងប្រែងដើរដោះយ៉ាងណាក៏មិនអស់ ហើយអន្ទាក់ត្រូវបានគេ ដាក់និងនៅរាយប៉ាយពាសពេញតាមដងអូរ តាមភ្នំ និងនៅតាមចំនុចដែលកម្លាំងសហគមន៍ពិបាកចូលទៅដល់ ហើយពេលវាជាប់ទើបវារត់ចូលមកក្នុងសហគមន៍ដើម្បីរកការអន្តរាគមន៍ជួយសង្គ្រោះ ខ្លះក៏សង្គ្រោះបានតែពិការ ខ្លះក៏សង្គ្រោះមិនបានបណ្តាលឱ្យវាងាប់។
ប្រធានសហគមន៍រូបនេះបានបញ្ជាក់ថា សត្វដែលងាយរងគ្រោះធ្ងន់ធ្ងរគឺពេលដែលវាចាកចេញពីព្រៃសហគមន៍ដើម្បីទៅរកទឹកផឹក ព្រោះនៅទីនោះក្រុមព្រានព្រៃតែង តែដាក់ពង្រាយអន្ទាក់ ដើម្បីប្រម៉ាញ់និងចាប់សត្វកម្រទាំងនេះ។ ដោយមើលឃើញពីការប្រឈមនេះហើយ ទើបសហគមន៍ សម្រេចស្នើរសុំទៅអាជ្ញាធរឱ្យជួយជីកស្រះមួយកន្លែង ក្នុងព្រៃសហគមន៍ដើម្បីរក្សាទុកទឹកសម្រាប់សត្វព្រៃកម្រទាំងនេះបានផឹកនិងបញ្ជៀសការយាយីពីអ្នកប្រម៉ាញ់ដ៏សកម្មគឺអន្ទាក់ព្រានព្រៃ។
ជុំវិញការស្នើរសុំរបស់សហគមន៍ព្រៃឈើប្រាំបីម៉ុមនេះ លោក ស៊ឹម រតនៈ អភិបាលរងខេត្តកំពង់ស្ពឺបានសម្រេចទទួលយកសំណើរ ហើយក៏ប្រកាសរកដៃគូឯកជនដែលអាចមានលទ្ធភាពក្នុងការជីក ដោយក្នុងនោះក្រុមហ៊ុនឯកជនអាចយកអាចម៌ដីទៅប្រើប្រាស់តាមតម្រូវការ ដោយទុកមកវិញត្រឹមតែស្រះឱ្យសហគមន៍ដើម្បីឱ្យសត្វបានអាស្រ័យនៅប៉ុណ្ណោះ ។
សូមបញ្ជាក់ថា សហគមន៍ព្រៃឈើប្រាំបីម៉ុមមានផ្ទៃដីប្រមាណ១២២១ហិកតា ស្ថិតនៅក្នុងភូមិថ្នល់កែងនិងភូមិត្រពាំងក្រើញ ឃុំប្រាំបីម៉ុម ស្រុងថ្ពង ខេត្តកំពង់ស្ពឺ៕
ដោយ៖ សូរិយា