បាតុករគាំទ្រប៉ាឡេស្ទីនបានបិទច្រកចូលអាកាសយានដ្ឋានក្នុងទីក្រុងញូវយ៉ក និងឡូសអេនជឺឡេសយ៉ាងឆាប់រហ័សនៅថ្ងៃទី ២៧ ខែធ្នូ ដោយបានបិទចរាចរណ៍។
យោងតាម AP ក្រុមអ្នកតវ៉ាបានប្រើប្រាស់រថយន្តដើម្បីបិទផ្លូវនៅជិតអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ក្នុងទីក្រុងញូវយ៉ក និងអាកាសយានដ្ឋានអន្តរជាតិ Los Angeles ដែលបណ្តាលឱ្យមានការកកស្ទះចរាចរណ៍នៅក្នុងតំបន់នេះ។ ប៉ូលិសអាមេរិកបាននិយាយថា មនុស្សសរុបចំនួន ៦២ នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការតវ៉ាទាំងពីរ។
នៅទីក្រុងញូវយ៉ក ក្រុមបាតុករបានប្រមូលផ្តុំគ្នាកាន់បដាទាមទារឱ្យបញ្ចប់សង្គ្រាមអុីស្រាអែល-ហាម៉ាស់និងពង្រីកសិទ្ធិសម្រាប់ប៉ាឡេស្ទីន ធ្វើឱ្យចរាចរណ៍នៅលើផ្លូវ Van Wyck Expressway នាំទៅដល់ព្រលានយន្តហោះត្រូវពន្យារពេលប្រហែល 20 នាទី។
យោងតាមអាជ្ញាធរបានឱ្យដឹងថា មនុស្សចំនួន ២៦នាក់ដែលចូលរួមក្នុងការតវ៉ាត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តខុសនិងធ្វើឱ្យស្ទះចរាចរណ៍។ អាជ្ញាធរក្រុងញូវយ៉ក និងរដ្ឋ New Jersey បានបញ្ជូនរថយន្តក្រុងចំនួនពីរគ្រឿង ដើម្បីជួយអ្នកធ្វើដំណើរតាមអាកាសយានដ្ឋានដែលជាប់គាំងក្នុងអំឡុងពេលតវ៉ា។
ទន្ទឹមនឹងការតវ៉ានៅទីក្រុងញូវយ៉ក ផ្លូវធំមួយឆ្ពោះទៅអាកាសយានដ្ឋាន Los Angeles ត្រូវបានរារាំងដោយក្រុមបាតុករគាំទ្រប៉ាឡេស្ទីនមួយក្រុមទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយកដ្ឋានប៉ូលិស Los Angeles (LAPD) បានចោទប្រកាន់ក្រុមបាតុករថាបានរុញមន្ត្រីប៉ូលិសម្នាក់អោយដួលលើដី និង “វាយប្រហារអ្នកធ្វើដំណើរឆ្លងកាត់ក្នុងរថយន្តរបស់ពួកគេ” ។
អ្នកដំណើរប្រមាណ 215,000 នាក់ និងយានជំនិះ 87,000គ្រឿងត្រូវបានគេរំពឹងថានឹងឆ្លងកាត់អាកាសយានដ្ឋាន Los Angeles នៅថ្ងៃទី 27 ខែធ្នូ។ ចាប់តាំងពីជម្លោះអុីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើងកាលពីថ្ងៃទី 7 ខែតុលា មនុស្សជាច្រើនបានដើរតាមផ្លូវដើម្បីបង្ហាញការគាំទ្រដល់ប៉ាឡេស្ទីន៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)