ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ករណីប្រពន្ធតាមទាន់ប្តីជា មន្ត្រីតុលាការដឹកនារីផ្សេង សមត្ថកិច្ចកំពុងពិនិត្យដោះស្រាយតាមបណ្តឹងរបស់ភរិយា

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ជាមួយសំណួរដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» បានសួរថា៖ លោក ឡុង សុខរណា  ជាប្រធាននាយកដ្ឋានកិច្ចការមហាអយ្យការ សាលាឧទ្ធរណ៍ខេត្តព្រះសីហនុត្រូវបានភរិយារបស់គាត់ឈ្មោះ ហេង សុខឡេង អាយុ ៣៤ឆ្នាំ មានអាសយដ្ឋាន ផ្ទះលេខ៣៨ ផ្លូវលេខ១១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមទាន់ ឃាត់រថយន្តស្វាមី ដោយចោទថាដឹកនារីផ្សេងជាកំណាន់ចិត្ត មានផ្ទៃពោះ៣ខែ កាលពីវេលាម៉ោង ១៦:២៩នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ នៅត្រង់ចំណុចផ្លូវបេតុងឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងគោលដៅទៅលេងខេត្តព្រះសីហនុ បង្កឱ្យមានការភ្ញាក់ផ្អើល តាមរយៈការ Live ពីបណ្តាសារព័ត៌មាន និងផ្សព្វផ្សាយ ថតលើផ្លូវសាធារណៈ ត្រង់ចំណុចនេះតើគាត់អាចប្រឈមនឹងការងារដែរទេ ខណៈដែលគាត់ជាអ្នកច្បាប់ ឬមួយនេះជាសិទ្ធិបុគ្គលរបស់គាត់ ? លោក ជិន ម៉ាលីន  អ្នកនាំពាក្យនិងជារដ្ឋលេខាធិការ ក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា ៖ «រឿងនេះ សមត្ថកិច្ចកំពុងពិនិត្យដោះស្រាយតាមបណ្តឹងរបស់ភរិយា អាចទាក់ទងសមត្ថកិច្ចនិងសាមីខ្លួនបន្ថែមច្បាស់ជាង»។

ដោយឡែក សាមីខ្លួនទាំងលោក ឡុង សុខរណា  ជាប្តី និងលោកស្រី ហេង សុខឡេង អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែ លោក លឹម ស៊ីណាត អគ្គាធិការដ្ឋានសាលាឧទ្ទរណ៍ខេត្តព្រះសីហនុ បានប្រាប់ថា ៖ «បាទប្អូន, ចំណុចនេះគឺជារឿងផ្ទាល់ខ្លួនរបស់បុគ្គល ខ្ញុំមិនមានយោបល់លើបញ្ហានេះទេ»។ 

សូមបញ្ជាក់ថា ៖ កាលពីវេលាម៉ោង ១៦:២៩នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវបេតុងឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីមួយបានកើតឡើងដោយមានរថយន្ត៣គ្រឿងបានកាក់រថយន្តមួយគ្រឿងម៉ាកTOYOTA Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1467 និងមានបងប្អូនប្រជាពលរដ្ឋចោមរោមមើលច្រើន ។ ក្នុងនោះស្ត្រីដែលតាមទាន់ប្តីដឹកនារីផ្សេងបានអះអាងថា ប្តីគាត់ជាមន្ត្រីតុលាការ  ខាងកិច្ចការមហាអយ្យការ សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ដែលករណីនេះធ្វើអោយអ្នកដំណើរភ្ញាក់ផ្អើល និងស្ទះចរាចរណ៍ទៀតផង ។

សូមរំលឹកថា : ជីវិតប្ដីប្រពន្ធកាលបើមានអំពើផិតក្បត់ ឬប្តីលួចមានអ្នកថ្មី សេចក្តីចុកចាប់បានឈានចូលមកដល់ បាត់បង់នូវសីលធម៌ក្នុងជីវិតគ្រួសារ ប្រេះស្រាំ ដែលទង្វើនេះគ្មាននារីណាប្រាថ្នាចង់បានឡើយ ។ ជាក់ស្ដែងស្ត្រីដ៏ស្រស់ស្អាតមួយរូបមានស្វាមីជាមន្ត្រីចេះដឹង ឋានៈជាប្រធាននាយកដ្ឋាន កិច្ចការមហាអយ្យការ សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ត្រូវជាប្អូនប្រុសបង្កើតរបស់អគ្គលេខាធិការដ្ឋានរដ្ឋបាល សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បានដឹកស្រីស្នេហ៍របស់ខ្លួនចេញពីភ្នំពេញទៅខេត្តព្រះសីហនុ ដោយប្រាប់ភរិយាថា បងទៅធ្វើការហើយនៅខេត្ត ទីបំផុតប្រពន្ធនិងសាច់ញាតិខាងប្រពន្ធតាមទាន់ជាន់កែង ខណៈដែលប្ដីដ៏កំហូចរូបនេះកំពុងតែដឹកស្រីស្នេហ៍ទៅជាមួយ។ នេះបើតាមការអះអាងពីភាគីខាងស្រីដែលកំពុងស្រែកទ្រហោយំនៅចំកណ្ដាលផ្លូវ ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។

ស្ត្រីដែលជាភរិយាបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកំពុងមានវត្តមានកន្លែងកើតហេតុថា , ប្ដីរបស់គាត់មានឈ្មោះ ឡុង សុខរណា  ជាប្រធាននាយកដ្ឋាន កិច្ចការមហាអយ្យការ សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ មានចំណងអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ក្នុងរយៈពេល១១ឆ្នាំហើយ មានកូនក្នុងបន្ទុក១នាក់អាយុ៨ឆ្នាំ ។ ក្រោយមកទៀតថ្មីៗនេះ ដោយសារតែការលំបាកចិត្ត និងការធ្វើទុក្ខបុកម្នេញពីស្វាមី គាត់ក៏ត្រូវរលូតកូនទី២ក្នុងផ្ទៃដែលមានអាយុជាងពីរខែ ។

ស្ត្រីខាងលើដដែលបានបញ្ជាក់ថា, គាត់បានតាមដានដឹងរឿងនេះយូរខែមកហើយ។ គាត់ក៏មានការយោគយល់ បន្ទាប់ពីតាមទាន់ប្ដីក៏សុំទោសនិងធ្វើកិច្ចសន្យាលែងប្រព្រឹត្តអំពើនេះតទៅទៀត។ ទីបំផុត ! លោកប្ដីមិនបានបោះបង់នូវអំពើមិនគប្បីនេះទេ ទើបសម្រេចចិត្តដាក់ GPS ក្នុងរថយន្ត តាមប្រមាញ់លោកប្ដីឱ្យទាន់ជាក់ស្ដែង ។ 

ចំពោះករណីនេះ ត្រូវនាយប៉ុស្តិ៍នគរបាលសំរោងក្រោមបញ្ជាក់ថា៖ ភាគីទាំងសងខាង បន្ទាប់ពីកើតហេតុមិនបានដាក់ពាក្យបណ្តឹងនៅខាងនគរបាលមូលដ្ឋានទេ ដោយសំអាងថា ពួកគាត់មានមេធាវីរៀងខ្លួន ចឹងគាត់ប្តឹងទៅតុលាការ។ 

អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នឹងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធ បើមានហេតុផល រៀងរាល់ម៉ោងធ្វើការ ៕

ដោយ ៖ មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»


ចែករំលែក៖