ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ក្រោយថ្មីៗនេះមាន ឧក្រិដ្ឋជនឆបោកដែលបានប្រើប្រាស់រូបភាពអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយបានកឈ្មោះទៅជា «EMPIREGAIN-TRADE.COM» ដើម្បីបង្កើតក្រុមតេឡេក្រាម (Telegram Group) ដែលក្រុមនោះមានឈ្មោះថា «CAMBODIA EMPIRE-TRADING _ Khmer INVESTMENT GROUP CHAT» ហើយមានសមាជិកក្នុងក្រុម សរុបចំនួន៩,៣៩១នាក់។
ជាក់ស្ដែងយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងយុត្តិធម៌ បានពិនិត្យឃើញថា ក្រុមតេឡេក្រាមនេះ ត្រូវបានបង្កើតឡើងដោយក្រុមឧក្រិដ្ឋជនឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ដើម្បីបំភាន់ អូសទាញ និងឆបោកសាធារណជនឲ្យចូលរួម ក្នុងការធ្វើវិនិយោគខុសច្បាប់ ដែលអាចនាំឲ្យខាតបង់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។
ក្រសួងយុត្តិធម៌ សូមប្រកាសថា សកម្មភាពដែលកំពុងតែធ្វើឡើងតាមរយៈក្រុមតេឡេក្រាមខាងលើនេះ មិនមានការពាក់ព័ន្ធជាមួយក្រសួងយុត្តិធម៌នោះទេ ហើយក្រសួងយុត្តិធម៌ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការតាម ផ្លូវច្បាប់ចំពោះករណីនេះ។
ទន្ទឹមនេះ ក្រសួងយុត្តិធម៌សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះ ល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដូចករណីខាងលើនេះ និងសូមចាកចេញពីក្រុមតេឡេក្រាមបែបនេះដើម្បីចៀសវាងកុំឲ្យចាញ់បោក ធ្វើឲ្យខាតបង់នូវទ្រព្យធនជាយថាហេតុ៕
ដោយ៖ តារា