ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិមានឈ្នះឈ្នះ ជានិមិត្តរូបនៃសន្តិភាពសម្រាប់ខ្មែរទាំងអស់គ្នា

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីអបអរសាទរការប្រារព្ធខួបលើកទី២៥នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆាំ្ននៃការកសាងវិមាន ឈ្នះ ឈ្នះ ដែលប្រារព្ធធ្វើឡើងនៅវិមាន ឈ្នះ ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា វិមានឈ្នះឈ្នះ ត្រូវបានសង់ឡើងដើម្បីខ្មែរយើងទាំងអស់គ្នា ជានិមិត្តរូបនៃសន្តិភាពសម្រាប់ខ្មែរទាំងអស់គ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសាងសង់វិមានឈ្នះឈ្នះនេះ ក៏ដើម្បីជាការអបអរសាទរសមិទ្ធផលនៃសុខសន្តិភាពដែលយើងសម្រេចបានរវាងខ្មែរទាំងអស់គ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ដែរថា ការសាងសង់វិមានឈ្នះឈ្នះនេះ មិនមែនសម្រាប់តែក្រុមណាមួយនោះទេ តែគឺជារបស់រួមសម្រាប់ប្រជាជាតិខ្មែរយើងទាំងអស់គ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ក្រុមការងារសាងសង់ វិមានឈ្នះ ឈ្នះ ទាំងអស់ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងថវិកាក្នុងការកសាងសង់នូវវិមានឈ្នះ ឈ្នះ ខណៈការចំណាយទាំងនេះគឺជាការបង្ហាញនូវការសាមគ្គីគ្នាក្នុងការលើកកម្ពស់ និងការកសាងនូវមជ្ឈមណ្ឌល សម្រាប់ផ្ទុកនូវប្រវត្តិសាស្រ្តរបស់កម្ពុជា ទុកដល់កូនចៅជំនាន់ក្រោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់នូវវិមានឈ្នះ ឈ្នះ គឺធ្វើឡើងដើម្បីកូនខ្មែរទាំងអស់គ្នា គ្រប់ជំនាន់ចង់ចាំនូវតម្លៃសន្តិភាព តថភាពពិតប្រាកដ របស់កម្ពុជា ហើយក៏បង្ហាញនូវនិមិត្តរូបនៃសន្តិភាពរបស់កម្ពុជាឲ្យ​ស្ថិតស្ថេរ​ជារៀងរហូតទៅផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖