ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍ ទៀ សីហា ក្នុងឱកាសចូលឆ្នាំសកល ២០២៤

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទបានផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបកនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងការពារជាតិ​ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤។

ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍ ទៀ សីហា​ និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវ គ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជនប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនត រៀងទៅ។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន ឯកឧត្ដម​ នាយឧត្ដមសេនីយ៍ និងលោកជំទាវ ព្រមទាំងបុត្រា-បុត្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សិលា


ចែករំលែក៖