ថ្ងៃនេះ (ថ្ងៃទី ១ ខែមករា) ប្រទេសចំនួន 5 នៅមជ្ឈិមបូព៌ា – តំបន់អាហ្រ្វិក រួមមានអេហ្ស៊ីប អារ៉ាប៊ីសាអូ៊ឌីត អារ៉ាប់រួម អុីរ៉ង់ និងអេត្យូពី បានក្លាយជាសមាជិកផ្លូវការរបស់ BRICS ដែលជាក្រុមដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភពលោក។ .
ថ្ងៃចូលឆ្នាំថ្មី ឆ្នាំ 2024 គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសអេហ្ស៊ីបនិងប្រទេសចំនួន4 ផ្សេងទៀតដែលមានទីតាំងនៅតំបន់មជ្ឈិមបូព៌ា – អាហ្រ្វិក រួមមានប្រទេសអុីរ៉ង់ អេមីរ៉ាតអារ៉ាប់រួម (UAE) អារ៉ាប៊ីសាអូ៊ឌីត និងអេត្យូពី នៅពេលចូលជាសមាជិកក្រុម BRICS ជាផ្លូវការ។ តាមនោះ ប្រទេសទាំងនេះនឹងចាប់ផ្តើមធ្វើការជាសមាជិកពេញសិទ្ធិរបស់ក្រុម BRICS ដែលបច្ចុប្បន្នដឹកនាំដោយរុស្ស៊ី បន្ទាប់ពីបានចូលកាន់តំណែងជាប្រធានពីអាហ្វ្រិកខាងត្បូង។
កន្លងមក បេសកជនពិសេសរបស់អាហ្រ្វិកខាងត្បូងប្រចាំក្រុម BRICS ក៏បានបញ្ជាក់ថា អេហ្ស៊ីប អារ៉ាប៊ីសាអូ៊ឌីត អារ៉ាប់រួម អុីរ៉ង់ និងអេត្យូពី នឹងចូលរួមជាមួយក្រុម BRICS ចាប់ពីថ្ងៃនេះ (១ មករា ឆ្នាំ២០២៤)។ ប្រទេសទាំងប្រាំនេះបានបញ្ជូនតំណាងជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំនៃក្រុម BRICS ដែលធ្វើឡើងនៅអាហ្រ្វិកខាងត្បូងនៅដើមខែធ្នូ ដែលជាចំណាត់ការបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងនោះបានទទួលយកការអញ្ជើញឱ្យចូលរួមក្នុងប្លុកនេះ។
ក្រៅពីប្រទេសទាំងប្រាំដែលបានរៀបរាប់ខាងលើ អាហ្សង់ទីនត្រូវបានគេរំពឹងថានឹងក្លាយជាសមាជិកថ្មីទីប្រាំមួយរបស់ BRICS។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី 29 ខែធ្នូ ប្រធានាធិបតីថ្មីរបស់អាហ្សង់ទីនបានជូនដំណឹងជាផ្លូវការដល់សមាជិក BRICS ថា ប្រទេសនេះបានបដិសេធការអញ្ជើញឱ្យចូលរួមក្នុងក្រុមនេះ។ បន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីខែសីហាឆ្នាំមុននៅអាហ្វ្រិកខាងត្បូង។
BRICS គឺជាក្រុមនៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនសំខាន់នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភពលោក។ មុនពេលចូលជាសមាជិកថ្មីចំនួនប្រាំ BRICS មានចំនួនប្រហែល 30% នៃមាត្រដ្ឋានសេដ្ឋកិច្ចពិភពលោក 26% នៃទឹកដីពិភពលោក និង 43% នៃចំនួនប្រជាជនពិភពលោក ហើយផលិតបានច្រើនជាងមួយភាគបីនៃទិន្នផលគ្រាប់ធញ្ញជាតិរបស់ពិភពលោក៕
ដោយ៖ ធីរីណា(រូបថត Reuters)