ខ្សែបម្រើ Donny van de Beek របស់ក្រុមបិសាចក្រហម Manchester United បានបញ្ចប់ការផ្ទេរទៅ Eintracht Frankfurt ក្នុងលក្ខខណ្ឌខ្ចីជើងហើយ។
កីឡាករវ័យ២៦ឆ្នាំរូបនេះនឹងចូលរួមជាមួយក្រុម Bundesliga សម្រាប់នៅសល់នៃរដូវកាលនេះ ជាមួយនឹងជម្រើសក្នុងការបង្វែរការផ្ទេរទៅជាកិច្ចព្រមព្រៀងអចិន្ត្រៃយ៍។ Van de Beek ទើបតែចាប់ផ្តើម Premier League ប្រាំមួយដងសម្រាប់ Man United ចាប់តាំងពីចុះហត្ថលេខាពី Ajax ក្នុងតម្លៃ៣៥លានផោនក្នុងខែកញ្ញា ឆ្នាំ២០២០។
អ្នកចាត់ការទូទៅលោក Erik ten Hag បាននិយាយថា ថ្មីៗនេះ កីឡាករអន្តរជាតិហូឡង់រូបនេះត្រូវការការផ្លាស់ប្តូរមួយ ដើម្បីស្តារអាជីពរបស់គាត់ឡើងវិញ។ វាត្រូវបានគេយល់ថា Eintracht Frankfurt នឹងបង់ថ្លៃខ្ចីជើងរបស់ United និងកំពុងគ្របដណ្តប់ភាគច្រើននៃប្រាក់ឈ្នួលរបស់គាត់។
ប្រសិនបើពួកគេចង់បង្កើតកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ ថ្លៃសេវាត្រូវបានកំណត់នៅ១១លានអឺរ៉ូ (ប្រមាណ៩.៥លានផោន) ជាមួយនឹងការបន្ថែម៣លានអឺរ៉ូ (២.៦លានផោន)។
Van de Beek បានបង្ហាញខ្លួនចំនួន៦២លើកសម្រាប់ Manchester United គ្រប់ការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន២គ្រាប់។ គាត់បានខ្ចីជើងនៅ Everton ក្នុងឆ្នាំ២០២២ មុនពេលត្រឡប់មក United ហើយបានខកខានក្នុងពាក់កណ្តាលទីពីរនៃរដូវកាលមុនជាមួយនឹងរបួសជង្គង់ធ្ងន់ធ្ងរ។
ក្រុម Eintracht Frankfurt ឈរនៅលេខរៀងទី៦ក្នុងតារាង Bundesliga របស់អាឡឺម៉ង់ មាន៩ពិន្ទុពីក្រុមកំពូលទាំង៤ ហើយកំពុងស្ថិតក្នុងវគ្គ Play-off របស់ Europa Conference League។ ក្របខ័ណ្ឌ Bundesliga កំពុងសម្រាករដូវរងា ហើយការប្រកួតបន្ទាប់របស់ Eintracht Frankfurt គឺប៉ះ RB Leipzig នៅថ្ងៃទី១៣ ខែមករាខាងមុខនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)