កម្លាំងទាហានជប៉ុនរាប់ពាន់នាក់ ក្រុមពន្លត់អគ្គិភ័យ និងកម្លាំងប៉ូលិស បានបញ្ជូនទៅកាន់កន្លែងរងគ្រោះខ្លាំងជាងគេដោយការរញ្ជួយដី ស្ថិតនៅខេត្ត Ishikawa ដើម្បីជួយសង្គ្រោះអ្នកជាប់គាំងនៅក្រោមគំនរអគារបាក់បែក។
ទីភ្នាក់ងារព័ត៌មាន ស៉ីនហួ នាថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា អាជ្ញាធរជប៉ុនបានឱ្យដឹងថា តួលេខអ្នកបាត់បង់ជីវិតបានបន្តកើនដល់៣០នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់បានវាយប្រហារចំតំបន់ភាគកណ្តាលប្រទេសជប៉ុន កាលពីមួយថ្ងៃមុន។
បន្ទាប់ពីអគារជាច្រើនបានដួលរលំ បូករួមជាមួយអគ្គិភ័យដែលបង្កឡើងក្រោយគ្រោះរញ្ជួយដី ខេត្ត Ishikawa ដែលទទួលរងគ្រោះខ្លាំងក្លាជាងគេ បានមើលឃើញ មនុស្សស្លាប់កើនដល់យ៉ាងហោចណាស់ក៏៣០នាក់ដែរ។ ទន្ទឹមគ្នានេះ ក៏មានសេចក្តីរាយការណ៍ពីការខូចខាតឬរលំអគារ ព្រមទាំងមនុស្សរងរបួស និងអ្នកជាប់ក្រោមគំនរបាក់បែក នៅតាមខេត្តដទៃទៀតផងដែរ ដូចជា Niigata, Toyama, Fukui និង Gifu។ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានប្រាប់ថា រដ្ឋាភិបាលបានចាត់កងកម្លាំងស្វ័យការពារទៅកាន់កន្លែងរងការប៉ះពាល់ ហើយនឹងបន្តផ្តល់ជំនួយបន្ថែមទៀត។
គ្រោះរញ្ជួយដីខ្លាំងៗបន្តបន្ទាប់គ្នា ក្នុងនោះរួមមានទាំងកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារជប៉ុន កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ គិតចាប់តាំងថ្ងៃចន្ទមក ជប៉ុនបានកត់ត្រាការកើតមានរំញ័រសរុបយ៉ាងហោច១៥៥លើក។ អាជ្ញាធរជប៉ុន ក៏បានប្រកាសអាសន្នពីរលកស៊ូណាមិផងដែរ ប៉ុន្តែនៅព្រឹកថ្ងៃអង្គារនេះ បានសម្រេចដកការប្រកាសអាសន្ននោះចេញវិញ៕ ដោយ៖ ធីរីណា
រូបថត៖ hanoionline.vn