មេដឹកនាំនៃបណ្តាប្រទេសអាស៊ី រួមជាមួយនឹងប្រទេសផ្សេងទៀតនៅអាមេរិកខាងជើងនិងអឺរ៉ុបបានផ្តល់ការគាំទ្រដល់ប្រទេសជប៉ុនក្នុងការដោះស្រាយផលវិបាកនៃការរញ្ជួយដីកម្រិត 7.6 ដែលបានកើតឡើងកាលពីថ្ងៃទី 1 ខែមករា។
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បាននិយាយថា ប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេចដើម្បីជួយប្រទេសជប៉ុនក្នុងការជម្នះផលវិបាកនៃការរញ្ជួយដី។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានសម្តែងការសោកស្តាយចំពោះជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេ បន្ទាប់ពីគ្រោះរញ្ជួយដី។ នៅក្នុងសារផ្ញើទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃទី 2 ខែមករា មេដឹកនាំកូរ៉េបានបង្ហាញពីបំណងចង់គាំទ្រប្រទេសជប៉ុនក្នុងការយកឈ្នះលើផលវិបាកដែលបណ្តាលមកពីការរញ្ជួយដី។
ប្រទេសចិនក៏បានសម្តែងការសោកស្តាយចំពោះការបាត់បង់អាយុជីវិតនិងទ្រព្យសម្បត្តិដែលបណ្តាលមកពីគ្រោះរញ្ជួយដី។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី 2 ខែមករា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ប្រទេសចិនសូមចូលរួមរំលែកទុក្ខនិងអាណិតអាសូរចំពោះអ្នកដែលបានស្លាប់ ក៏ដូចជាសាច់ញាតិរបស់ពួកគេ។
មេដឹកនាំនៃបណ្តាប្រទេសនៅអឺរ៉ុបនិងអាមេរិកខាងជើងក៏បានសម្តែងនូវសាមគ្គីភាព និងការត្រៀមខ្លួនក្នុងការសម្របសម្រួលជាមួយប្រទេសជប៉ុន ដើម្បីជម្នះនូវផលវិបាកនៃការរញ្ជួយដី។
សារព័ត៌មាន AFP បានផ្សាយថាអាជ្ញាធរជប៉ុន នៅព្រឹកថ្ងៃពុធ ទី៣ ខែមករា នេះបានឱ្យដឹងថា តួលេខអ្នកស្លាប់បានបន្តកើនដល់ ៦២នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារចំតំបន់ភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅនេះ។
ក្រុមអ្នកជួយសង្រ្គោះកំពុងបន្តប្រតិបត្តិការរបស់ពួកគេនៅក្នុងខេត្ត Ishikawa ជាទីដែលទទួលរងគ្រោះខ្លាំងក្លាជាងគេ ជាមួយមនុស្សស្លាប់កើនដល់ ៦២នាក់ និងមនុស្សរាប់ម៉ឺននាក់នៅតែបន្តគ្មានអគ្គិសនីប្រើប្រាស់នៅឡើយ។ បើតាមមន្ត្រីក្នុងតំបន់ម្នាក់ទទួលខុសត្រូវលើការឆ្លើយតបទៅនឹងគ្រោះមហន្តរាយក្នុងខេត្ត Ishikawa មនុស្សច្រើនជាង៣០០នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ ក្នុងនោះមាន២០នាក់រងរបួសធ្ងន់។
គ្រោះរញ្ជួយដីខ្លាំងៗបន្តបន្ទាប់គ្នា ក្នុងនោះរួមមានទាំងកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារជប៉ុន កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ គិតចាប់តាំងពីពេលនោះ ជប៉ុនបានកត់ត្រាការកើតមានរំញ័រ សរុបយ៉ាងហោច១៥៥លើក។ អាជ្ញាធរជប៉ុន ក៏បានប្រកាសអាសន្នពីរលកយក្សស៊ូណាមិផងដែរ ប៉ុន្តែនៅព្រឹកថ្ងៃអង្គារនេះ បានសម្រេចដកការប្រកាសអាសន្ននោះចេញវិញ៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN