ព័ត៌មានទាន់ហេតុការណ៍៖

ករណី​គ្រោះថ្នាក់ចរាចរណ៍កើតឡើងជាង ៩០០ករណីក្នុង​រាជធានីភ្នំពេញ​ ខណៈ​មនុស្ស​ស្លាប់ ៣០៣នាក់, កើនឡើង ៣០នាក់​ ពេញមួយឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានថ្លែងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ មានចំនួនជាង ៩០០ករណី បណ្ដាលឲ្យមនុស្សស្លាប់ ៣០៣នាក់ ហើយកើតឡើងភាគច្រើន​ នៅពេលយប់។ បើប្រៀបធៀបនឹងឆ្នាំ ២០២២​​​ ករណីគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ ២០២៣ មានការកើនឡើងចំនួន ១៨ករណី និងមនុស្សស្លាប់កើនឡើងចំនួន ៣០នាក់។

លោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករូបនេះ បានបញ្ជាក់កាលពីរសៀលថ្ងៃទី៤ ខែមករាម្សិលមិញនេះយ៉ាងដូច្នេះថា៖ ពោលគឺចាប់ពីខែមករា ដល់ខែធ្នូ ពេញមួយឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅរាជធានីភ្នំពេញ ចំនួន ៩៤៦ករណី។ ក្នុងនោះ ករណីកើតឡើងនៅពេល យប់ មានចំនួនច្រើនជាងពេលថ្ងៃ រហូតដល់ ៦៦៥ករណី។

លោក​ ដេ​ ម៉ៅ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​«ក្នុង ៩៤៦ករណីនេះ គឺសន្ទុះកើតឡើងនៅពេលយប់ មានចំនួនច្រើនជាងនៅពេលថ្ងៃ នៅពេលមានចំនួន ៦៦៥ករណី ចឹងយើងឃើញថា នៅពេលថ្ងៃអត់សូវឃើញកើត គឺនៅពេលថ្ងៃមានតែ ២៨១ករណីទេ»។

ក្នុងករណីគ្រោះចរាចរណ៍ពេញមួយឆ្នាំ ២០២៣ ចំនួន ៩៤៦ករណីនោះ បានបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ៣០៣ នាក់ ហើយរងរបួសធ្ងន់ចំនួន ៩០៧នាក់ និងរងរបួសស្រាលចំនួន ២៨៤នាក់។

បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ ២០២៣ មានការកើនឡើង ដោយពេញមួយឆ្នាំ ២០២២ ករណីគ្រោះចរាចរណ៍កើតឡើងចំនួន ៩២៨ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២៧៣នាក់ ហើយរងរបួសធ្ងន់ចំនួន ៩៩៣នាក់ និងរងរបួសស្រាលចំនួន ២៦៣នាក់។

លោកប្រធាន​ការិយាល័យ​រូបនេះ​ បានបញ្ជាក់ទៀតថា ករណីគ្រោះចរាចរណ៍នៅឆ្នាំ ២០២២ និង ២០២៣ កើតឡើងភាគច្រើន គឺនៅពេលយប់។ មូលហេតុដែលបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្ដាលមកពីការបើកបរល្បឿនលឿន, បើកបរមិនប្រកាន់ស្ដាំ និងវ៉ាជែង ព្រមទាំងការបើកបរស្ថិតក្នុងស្ថានភាពស្រវឹងជាដើម៕

ដោយ​៖ តារា​


ចែករំលែក៖