ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយនិងផែនការសកម្មភាពទាំងអស់ គឺសុទ្ធតែធ្វើដើម្បីបម្រើប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកោះកុង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការងាររបស់រាជរដ្ឋាភិបាលគឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងទទួលបានផលច្រើន ទើបយើងមានការរីកចម្រើនតទៅមុខទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ គោលនយោបាយ និងផែនការសកម្មភាពទាំងអស់គឺសុទ្ធតែធ្វើឡើយដើម្បីបម្រើប្រជាពលរដ្ឋ និងរុញជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតីបានអបអរសាទរដល់ប្រជាពលរដ្ឋនៅខេត្តកោះកុងដែលទទួលបានសម្ធិទ្ធិផលថ្មីមួយទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ថែមពីលើសមិទ្ធិផលជាច្រើននៅក្នុងមូលដ្ឋានខេត្តកោះកុង ដែលជាការធ្វើយ៉ាងណាឱ្យខេត្តនេះប្រែក្លាយជាខេត្តមួយមានសក្តានុពល និងមានកាលានុវត្តភាពខ្ពស់ សម្រាប់ជំរុញការវិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១១០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង» នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង ដែលកាលពីអំឡុងពេលបោះឆ្នោត ជឿជាក់ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាប្រមាណ ៨៥,៧៥ ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងខេត្ត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បើគ្មានសន្ដិភាព គឺមិនអាចឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខបានទេ។ សន្ដិភាពនេះ គឺកើតឡើងតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដូច្នេះកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យយកថ្ងៃទី ២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃឈប់សម្រាក១ថ្ងៃនៅទូទាំងប្រទេស៕

ដោយ ៖ សិលា


ចែករំលែក៖