ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទិវាសន្តិភាព គឺសម្រាប់អ្នកទាំងអស់គ្នាចូលរួមសាមគ្គីគ្នាកសាងអភិវឌ្ឍជាតិ

ចែករំលែក៖

ខេត្តកោះកុង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ទិវានយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាម ថ្ងៃទី២៩ធ្នូ បង្កើតឡើងគឺសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា និងកើតពីការចូលរួមពីគ្រប់ភាគីទាំងអស់ ដោយឯកភាពគ្នា ឈប់វាយប្រហារគ្នា តទៅទៀត ព្រមទាំងរួមសាមគ្គីគ្នាកសាងប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធស្ពានបេតុងសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១ម៉ឺននាក់ ក្នុងខេត្តកោះកុង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ កូនចៅជំនាន់ក្រោយ ត្រូវចាំថា ការដែលយើងមានសន្តិភាពដូចបច្ចុប្បន្ននេះ គឺបានមកពីការពលីរបស់អ្នកជំនាន់មុន ដូច្នេះ «សូមកុំត្រឡប់ទៅអតីតកាលដ៏ជូរចត់អី»។ ជាក់ស្ដែង ភូមិសាស្ត្រស្រុកថ្មបាំងទុកជាកន្លែងធ្វើផ្លូវចូលទៅ អារ៉ែងធ្វើផ្លូវសម្រាប់ទេសចរណ៍ កុំឱ្យទៅជាតំបន់វៃប្រហារគ្នាឡើងវិញឱ្យសោះ រីឯវារីអគ្គិសនីគឺយើងត្រូវតែធ្វើ ដើម្បីបានភ្លើងមកផ្តគ់ផ្គង់ឧស្សាហកម្មនៅតំបន់នេះ និងទៅបណ្តាតំបន់ផ្សេងៗទៀត។

នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដាក់ទិវាសន្តិភាពនៅកម្ពុជា ២៩ធ្នូ ជាថ្ងៃឈប់សម្រាក គឺដើម្បីរំលឹកទៅដល់ការរស់រានមានជីវិត និងចងចាំសន្តិភាពជារៀងរហូត។ សម្ដេចថា អ្នកដែលមិនសប្បាយចិត្តនឹងទិវាសន្ដិភាពនៅកម្ពុជាមិនបាច់ឈប់សម្រាកនៅថ្ងៃនោះទេ។

សម្ដេចធិបតីថ្លែងថា ៖ ទិវាសន្តិភាពនៅកម្ពុជាគឺសម្រាប់ប្រជាជនខ្មែរទាំងអស់ដែលស្រឡាញ់សន្តិភាពនិងស្អប់សង្គ្រាម។

សម្ដេចថា ៖ ការដាក់ថ្ងៃនេះជាថ្ងៃឈប់សម្រាក គឺគ្មានអ្វីខុសនោះទេ ហើយមិនគួរណាត្រូវបានក្លាយជាប្រធានបទសម្រាប់អ្នករិះគន់ក្នុងការវាយប្រហារនោះដែរ។

ការលើកឡើងនេះគឺដោយឆ្លើយតបទៅនឹងអ្នករិះគន់មួយចំនួនដែលបានចាត់ទុកទិវាសន្ដិភាព ថ្ងៃ២៩ ខែធ្នូ គឺជាថ្ងៃរបស់គ្រួសារត្រកូលហ៊ុន។ សម្ដេចធិបតីមិនបានប្រកែកនោះទេក៏ប៉ុន្តែបញ្ជាក់ថា ត្រកូលហ៊ុន ក៏ស្ថិតនៅក្នុងចំណោមប្រជាជនខ្មែរទាំងអស់ដែលស្អប់សង្គ្រាមផងដែរ។

សម្តេចមានប្រសាសន៍ថា៖ «មានអ្នកខ្លះមករិះគន់ថា ដាក់ថ្ងៃនឹងជាថ្ងៃបុណ្យជាតិ ថ្ងៃឈប់សម្រាកគឺដើម្បីត្រកូលហ៊ុន។ ទិវាសន្តិភាពនេះគឺសម្រាប់ប្រជាជនកម្ពុជាទាំងអស់ដែលស្រលាញ់សន្តិភាព និងស្អប់សង្គ្រាម ក្នុងនោះមានត្រកូលហ៊ុនផងដែរ តែមិនផ្តាច់មុខត្រកូលហ៊ុនទេ គឺសម្រាប់ខ្មែរ ទាំងអស់ដែលស្រលាញ់សន្តិភាព និងបានផលពីសន្តិភាព គឺប្រជាជនទូទាំងប្រទេស»។

ជាមួយគ្នា សម្តេចធិបតីបញ្ជាក់ថា ដើម្បីមានសន្តិភាពគឺត្រូវមានគោលនយោបាយច្បាស់លាស់ ដែលនោះគែគោលនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាម។

គួរឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជានាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យកំណត់យក «ថ្ងៃទី២៩ ខែធ្នូ» ជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា» និងអនុញ្ញាតឱ្យឈប់សម្រាកមួយថ្ងៃ។

ថ្ងៃទី២៩ ខែធ្នូ ក៏ថ្ងៃដើម្បីអបអរនៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជាតាមរយៈនយោបាយឈ្នះឈ្នះ និងការកសាងវិមានឈ្នះឈ្នះផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖