ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ការពារទេសភាពអន្លង់ព្រីង នៃស្រុកកំពង់ត្រាច ខេត្តកំពត មានសត្វក្រៀលជាង ២០ក្បាល បានមកដល់ យើងទាំងអស់គ្នា ចូលរួមអភិរក្សការពារ !

ចែករំលែក៖

ខេត្តកំពត ៖ យោងតាមការឱ្យដឹងពីមន្ត្រីអង្គការ Nature Life កាលពីថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤ ម្សិលមុិញបានឱ្យដឹងថា ៖ សម្រាប់អ្នកទេសចរសត្វស្លាប នៅពេលនេះអាចមកទស្សនាសត្វក្រៀលបានហើយ។ សត្វក្រៀលច្រើនជាង ២០ក្បាល បានមកដល់តំបន់ការពារទេសភាពអន្លង់ព្រីង ហើយពួកវាកំពុងរកចំណីក្នុងតំបន់អភិរក្ស និងក្នុងស្រែស្រូវមិត្តក្រៀល។ ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា បាននិងកំពុងអភិរក្សសត្វក្រៀល ដែលកំពុងរងគ្រោះឈានទៅជិតផុតពូជ និងទីជម្រករបស់វានៅតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នេះដែរ។ 

សូមបញ្ជាក់ថា ៖ អន្លង់ព្រីងជាកន្លែងដ៏សំខាន់សម្រាប់សត្វក្រៀលស្នាក់នៅ និងរកចំណី ក្រោយពេលពពួកសត្វកម្រនេះបន្លាស់ទីមកពីតំបន់អភិរក្សបឹងព្រែកល្ពៅ នៃខេត្តតាកែវ អំឡុងចុងខែវិច្ឆិកា ឬដើមខែធ្នូ។ លុះដល់ចុងខែមេសា ឬដើមខែឧសភា ពួកវានឹងចាកចេញពីតំបន់បឹងអង្លង់ព្រីងទៅស្នាក់នៅខេត្តឧត្តរមានជ័យ រួចបន្តដំណើរទៅពួនសម្ងំពងកូនក្នុងខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។   តំបន់ការពារទេសភាពអន្លង់ព្រីង មានផ្ទៃដីសរុប ២១៧ហិកតា ដែលត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងជាតំបន់អភិរក្សធនធានធម្មជាតិមួយ ដោយអនុក្រឹត្យលេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។ តំបន់ការពារទេសភាពអន្លង់ព្រីង បានផ្តល់ជាទីជម្រក និងប្រភពចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ជាពិសេសសត្វក្រៀល។ វាក៏ជាជម្រករបស់សត្វស្លាបផ្សេងទៀត ដូចជា សត្វខ្វែកសមុទ្រស្លាបឆ្នូត ស, ទាព្រៃក្បាលឆ្នូត ស ផងដែរ។   មន្ត្រីជំនាញបានអោយដឹងថា ៖ សត្វក្រៀល ជាសត្វស្លាប ត្រូវបានចាត់ជាប្រភេទសត្វងាយរងគ្រោះ។ សត្វក្រៀលជាសត្វស្លាបមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ជាទូទៅមានកម្ពស់ប្រហែល ១,៧៦ម៉ែត្រ មានទម្ងន់ចាប់ពី ៥-១២គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹង នៅទីតាំងជិតៗកន្លែងរកចំណីរបស់វា នៃតំបន់ដីសើម។ សត្វក្រៀលមានសម្បុរប្រផេះលើដងខ្លួន ក ផ្នែកខាងលើ និងក្បាលមានពណ៌ក្រហម ផ្នែកខាងលើបំផុត និងត្រចៀកមានពណ៌ប្រផេះស្រាល។ កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ យើងពិបាកសម្គាស់ថា សត្វក្រៀលណាជាឈ្មោល ឬញីនៅពេលដែលពួកវានៅជាគូ ប៉ុន្តែសត្វក្រៀលញីមានមាឌតូចជាងសត្វក្រៀលឈ្មោលបន្តិច។ 

នឹកដល់សត្វក្រៀល យើងអាចត្រឡប់ទៅស្តាប់បទចម្រៀង លោកអធិរាជសម្លេងទិព្វ សុិន ស៊ីសាមុត ដែលមានចំណងជើងថា ” សម្រែកសត្វក្រៀល” ពិតជាមានអត្ថន័យ ប៉ុន្តែហាក់ វាយប្រហារយ៉ាងខ្លាំងដាច់គូ ប្រចាំជីវិត ជះឥទិ្ធពលកំហឹងដោយភាគីខាងប្រុស ក្នុងនោះបានបង្ហើថា : -សម្រែកសត្វក្រៀលវាដៀលជេរស្ដី មនុស្សដូចកាកីចិត្តស្រីសាវ៉ា ចិត្តរស់ដូចព្រានស្រែកឃ្លានតណ្ហា រូបដូចទេវតាមាយាទដូចឈ្លូស។

-ស្ដាប់ចុះភ្លេងខ្មែរ លបជេរស្រីចើក ចិត្តជ្រលរវើកបើកទ្រូងអោយប្រុស អាពាហ៍ពិពាហ៍គ្រាន់តែប្ដូរឈ្មោះ ក្បត់ចិត្តដែលស្មោះផ្លាស់ឆ្ងាញ់ប្រុសថ្មី ។

សូមបញ្ជាក់ថា , កវីនិពន្ធពីចំណាន់ដើម តែងតែនិពន្ធបទចម្រៀង រៀបរាប់អំពីសត្វ ធម្មជាតិ ទឹក ខ្យល់ តំបន់ ទីតាំង។ល។ រួចយកមកធ្វើការប្រៀបធៀបក្នុងសង្គម ក្នុងន័យ អត្ថានុរូប អត្ថាបដិរូប បញ្ឆិតបញ្ឆៀង ប៉ុន្តែបង្កប់ទៅដោយអត្ថន័យមានខ្លឹមសារបំផុត ៕

ដោយ ៖ សិលា


ចែករំលែក៖