ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវចងចាំប្រវត្តិសាស្រ្តជូរចត់ ដើម្បីកុំឱ្យសង្រ្គាមនិងការបែកបាក់ជាតិកើតឡើងម្តងទៀតនៅលើទឹកដីរបស់យើង

ចែករំលែក៖

ខេត្តកោះកុង ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១១,០០០នាក់ ធ្វើឡើងនៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅខេត្តកោះកុង នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ យើងត្រូវចងចាំប្រវត្តិសាស្រ្តជូរចត់ ដើម្បីកុំឱ្យសង្រ្គាមនិងការបែកបាក់ជាតិកើតឡើងម្តងទៀតនៅលើទឹកដីរបស់យើង ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចងចាំប្រវត្តិសាស្រ្តរបស់យើង ក៏ជាការលើកទឹកចិត្តឱ្យខ្មែរយើងចង់បានការរីកចម្រើន ការពារសន្តិភាព កុំឱ្យមានសង្រ្គាមកើតឡើងដូចកាលពីអតីតកាល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាធ្វើឱ្យប្រទេសយើងកាន់តែរីកចម្រើនទៅមុខកុំឱ្យជួបរឿងឈឺចាប់តទៅទៀតដូចកាលពីអតីតកាល ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្ដេចនឹងចុះត្រួតពិនិត្យស្ថានភាពនៅតាមបណ្ដាខេត្ត ដោយមិនប្រាប់ដំណឹងឱ្យអាជ្ញាធរដឹងជាមុនឡើយ ដើម្បីត្រួតពិនិត្យជាក់ស្ដែងលើការគ្រប់គ្រង ដឹកនាំ និងការអនុវត្តការងារនានារបស់រដ្ឋបាលខេត្តនីមួយៗ។

សម្ដេចធិបតីថ្លែងថា ៖ កាលពីសម្ដេចនៅកាន់កិច្ចការងារកងទ័ព ការចុះពនិត្យជាក់ស្ដែងនៅតាម មូលដ្ឋាន ផ្ទាល់នេះ គឺបានអនុវត្តជាប់ជាប្រចាំ ដើម្បីត្រួតពិនិត្យលើគោលនយោបាយ និងផែនការ ការងារដែលបានដាក់ចេញ ដូច្នេះក្នុងពេលសម្ដេចកាត់ដំណែងជានាយករដ្ឋមន្រ្ដី សម្ដេចក៏នៅតែបន្តចុះពិនិត្យជាក់ស្ដែងដែរ ដោយមិនស្ដាប់តែរបាយការណ៍ដែលបានដាក់មកជូន សម្ដេចនោះទេ។

សូមជម្រាបថា ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ និងគោល នយោបាយ អាទិភាព ជាបន្តបន្ទាប់ដល់ក្រសួង ស្ថាប័ននានាសម្រាប់អនុវត្តដើម្បីជំរុញកំណើនសេដ្ឋកិច្ចដល់ជាតិ និងប្រជាជន៕

ដោយ ៖ សិលា


ចែករំលែក៖