ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺដូចគ្នានឹងយុទ្ធសាស្ត្រចតុកោណពីមុនដែរ ពោលគឺការយកមូលធនមនុស្សជាគោល ដោយការកសាងធនធានមនុស្ស គឺជាការងារចម្បង និងចាំបាច់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងឱកាសដែលសម្ដេចអញ្ជើញក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ចំពោះរាជរដ្ឋាភិបាល ការកសាងមូលធនធនធានមនុស្ស ជាពិសេស ការអប់រំ គឺត្រូវគិតគូរ និងឆ្លើយតបទៅនឹងសំណួរនិងចម្លើយចំនួន២ ដែលក្នុងនោះមាន ៖
ទី១-តើការអប់រំធ្វើឡើងដើម្បីអ្វី? តើធនធានមនុស្សបែបណាដែលយើងចង់បាន? ពិតណាស់ ការអប់រំគឺគឺដើម្បីបង្កើនចំណេះដឹងឱ្យពលរដ្ឋអាចមានសមត្ថភាពទៅចាប់យកឱកាសជំនាញការងារ និងបង្កើតអាជីពការងារល្អ។
ទី២-តើយើងត្រូវបង្កើតបរិស្ថានអប់រំបែបណា? សំណួរនេះគឺដើម្បីឱ្យធនធានមនុស្សដែលយើងកសាងបាន មានភាពលូតលាស់ អាចប្រើប្រាស់បានតាមសក្តានុពល និងលើកទឹកចិត្តមនុស្សឱ្យបន្តកសាងធនធានមនុស្សល្អៗបានបន្ថែមទៀត។
សម្តេចធិបតី បានថ្លែងអរគុណដល់បណ្តាសាកលវិទ្យាល័យនានា និងក្រសួងមួយចំនួនដែលបានផ្តល់អាហារូបករណ៍ដល់សិស្សដែលប្រឡងជាប់បាក់ឌុប និងសិស្សនិទ្ទេសA ដែលជាការរួមចំណែកដល់ការរីកចម្រើនផ្នែកវិស័យអប់រំនៅកម្ពុជា។
នាយករដ្ឋមន្ត្រីបានជំរុញឱ្យក្រសួងអប់រំ រៀបចំសេវាផ្តល់ប្រឹក្សាយោបល់ដល់សិស្សានុសិស្ស និងនិស្សិត សម្រាប់ទម្រង់ទិសក្នុងការជ្រើសរើសមុខជំនាញឯកទេសនៅតាមវិទ្យាល័យ និងឧត្តមសិក្សា។ ជាមួយគ្នានេះក្រសួងអប់រំ ត្រូវទម្រង់ទិសឱ្យសិស្សដែលប្រឡងជាប់និទ្ទេសA ទទួលបានការសិក្សាក្នុងកម្រិតជាបន្តបន្ទាប់លើជំនាញអាទិភាពដូចជាជំនាញបវិទ្យាសាស្ត្របច្ចេកវិទ្យា ជំនាញវិស្វកម្មជាដើម។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ តភ្ជាប់បណ្តោញអ៊ីនធឺណិតនៅតាមគ្រឹះស្ថានសិក្សា ជាពិសេសនៅតាមសាលារៀននៅជនបទដើម្បីឱ្យសិស្សានុសិស្សស្វ័យសិក្សាស្រាវជ្រាវ ការទាញយកឯកសារសិក្សាតាមអនឡាញ៕
ដោយ ៖ សិលា