ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារធ្វើការថ្មី នៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្ត​ស្វាយរៀង៖​ លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងជាតំណាងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ​ បានអញ្ជើញជា​អធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារធ្វើការថ្មី នៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ 

ពិធីនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកអនុប្រធាននាយកដ្ឋានកណ្តាលព្រំដែនគោក លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងនគរបាលខេត្ត លោក លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុកទាំង០៨ លោកនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោក លោកស្រី អធិការរង នាយ នាយរងផ្នែក និងមន្ត្រី នៃអធិការដ្ឋាននគរបាលស្រុក លោកមេឃុំ និងសប្បុរសជន ជាច្រើនរូប ។ 

អគារធ្វើការថ្មី ដែលដាក់សម្ពាធឱ្យប្រើប្រាស់ជាផ្លូវការ នាពេលនេះគឺផ្តួចផ្តើមកសាងដោយលោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ ដែលសាងសង់អំពីបេតុង ដំបូលស័ង្កសី ដែលមានបណ្ដោយ ២៣,២ម៉ែត្រ គុណ​នឹង​ ៦,៨ម៉ែត្រ មាន ០២ជាន់ (ដោយមិនគិតជាន់ផ្ទាល់ដី) ស្មើនឹង ១២បន្ទប់ ដែលទើបនឹងសាងសង់រួចរាល់ជាស្ថាពរ ចំណាយអស់ថវិកាប្រមាណ ១៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក ស្ថិតនៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង៕

ដោយ៖ តារា​


ចែករំលែក៖