ទីក្រុងប៉ារីស ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ តាមរយៈការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ដែលមានការចូលរួមពីប្រជាជនយ៉ាងច្រើនលើសលុប បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរជឿជាក់ លើគណបក្សប្រជាជនកម្ពុជា ថាជាជម្រើសមួយគត់ដែលធានាបាននូវសន្តិភាព យុត្តិធម៌ ស្ថិរភាព និងប្រសិទ្ធភាព ក្នុងការបម្រើប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ បើសិនជាប្រជាជនមិនជឿលើការបោះឆ្នោតទេ នោះពួកគាត់នឹងមិនទៅបោះទេ ហើយក៏ពុំមានអ្នកណាទៅបង្ខំគាត់ឱ្យទៅបោះឆ្នោតដែរ ហើយការបោះឆ្នោតនោះទៀតសោត គឺពុំមានការភ័យខ្លាចឡើយ ដែលក្រោយការបោះឆ្នោតហើយប្រជាពលរដ្ឋបាននាំគ្នាទៅដើរលេងនៅកំពង់សោម ដែលប្រការនេះបញ្ជាក់ពីការជឿជាក់ទៅលើស្ថិរភាព ជឿជាក់ទៅលើអនាគតរបស់គាត់ ជឿទៅលើការវិវត្តនៃកម្រិតប្រព័ន្ធប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋយើងភាគច្រើន ក៏ប្រកាន់នូវជំហរប្រឆាំងការញុះញង់ ឬការប្រព្រឹត្តអំពើហិង្សាណាមួយដែលធ្វើឱ្យបាត់សណ្តាប់ធ្នាប់នៅពេលបោះឆ្នោតនោះឡើយ។
ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ពីការពេញចិត្តរបស់ប្រជាពលរដ្ឋ ហើយនិងភាពជឿជាក់ និងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ទៅលើការដឹកនាំរបស់គណបក្ស ជាពិសេសទៅលើសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងការបម្រើប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋនៅក្នុងកាលៈទេសៈលំបាក ជាពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏លើកឡើងចំពោះរាជរដ្ឋាភិបាល បានបញ្ចេញសាច់ប្រាក់រាប់ពាន់លានដុល្លារ ដើម្បីជួយដល់នៅក្នុងកាលៈទេសៈលំបាក ជាពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ។ រាជរដ្ឋាភិបាលគិតគូរណាស់ចំពោះជនរួមជាតិ និងការពារ សន្តិភាព ៕
ដោយ ៖ សិលា