ខេត្តស្វាយរៀង៖ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះថា យោងតាមគោលការណ៍ណែនាំលេខ ០០២ បានចង្អុលចុះមកគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវលុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅតាមសេវាកម្មទេសចរណ៍ សប្បាយដ្ឋាន ។ល។ ត្រូវចាត់វិធានការបង្ក្រាបពេលមានព័ត៌មានអំពីការប្រើប្រាស់គ្រឿងញៀនក្នុងទីតាំងសប្បាយដ្ឋានទាំងនោះ បង្កើនការត្រួតពិនិត្យរដ្ឋបាលតាមគោលដៅសង្ស័យនានា អនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គ្មានគ្រឿងញៀន សំដៅកាត់បន្ថយ និងលុបបំបាត់សកម្មភាពលូចលាក់កែច្នៃសារធាតុគីមីផ្សំ ការចរាចរ ប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់នៅតាមមូលដ្ឋាន ដែលធ្វើសកម្មភាពចរាចរទំនិញចេញចូលឆ្លងកាត់នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តស្វាយរៀង។
លោកបណ្ឌិត តូច ប៉ូលីវ៉ា បានបន្តថា គោលការណ៍ណែនាំលេខ ០០២ គឺលោកបានចាប់ផ្តើមតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤មកម្ល៉េះ ដោយដឹកនាំកម្លាំងចម្រុះចុះពង្រឹងយន្តការត្រួតពិនិត្យរដ្ឋបាលជាមួយម្ចាស់អាជីវកម្មដែលងាយរងគ្រោះស្ថិតនៅសណ្ឋាគារ ថៃ អាង ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លោកបណ្ឌិត តូច ប៉ូលីវ៉ា បានឱ្យដឹងបន្ថែមថា ការធ្វើរដ្ឋបាលនៅសណ្ឋាគារ ថៃ អាននោះ កម្លាំងជំនាញបានធ្វើតេស្តទឹកម៉ូដរកសារធាតុញៀនលើជនសង្ស័យ នឹងបានរកឃើញវិជ្ជមានចំនួន ១១នាក់ ស្រី ២នាក់ ក្នុងចំណោម ១១នាក់ខាងលើនេះ មានម្នាក់បានរក្សាទុកនៅកញ្ចប់ម្ស៉ៅស ចំនួន ២កញ្ចប់តូច។ ក្រោយពីបានធ្វើតេស្តរួចកម្លាំងជំនាញបានកសាងកំណត់ហេតុ និងបញ្ជូនជនសង្ស័យមកសាកសួរព័ត៌មានបន្ត ព្រមទាំងបានអនុវត្តនីតិវិធីទៅលើទីតាំងដែលមិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ រួមមាន ពុំមានសៀវភៅកត់ត្រាឈ្មោះភ្ញៀវ ចេញ ចូលស្នាក់នៅ ការថតចម្លងឯកសារលិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ ពុំមានការបិទស្កាត់ហាមឃាត់ ការប្រើប្រាស់គ្រឿង និងបម្រាមផ្សេងៗចាំបាច់មួយចំនួនទៀត។
ជាមួយគ្នានេះ លោកបណ្ឌិត តូច ប៉ូលីវ៉ា ក្នុងនាមលោកអភិបាល ប្រធានគណ:បញ្ជាឯកភាពខេត្ត និងជាប្រធានគណកម្មាធិកាត្រូតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង បានអំពាវនាវដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ សប្បាយដ្ឋានទាំងអស់ត្រូវពង្រឹងការបង្ការនិងសហការជាមួយសមត្ថកិច្ចដើម្បីសុវត្ថិភាពទីតាំងអាជីវកម្មរបស់ខ្លួនពីករណីគ្រឿងញៀន៕
ដោយ៖ តារា