ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងឆ្នាំ២០២៣៖​ កម្ពុជា-អឺរ៉ុប សម្រេចបានទំហំពាណិជ្ជកម្មជាង ៤.៦ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា​ ក្នុងរយៈពេល​មួយឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងតំបន់អឺរ៉ុប សម្រេចបាន ៤ ៦១៥លានដុល្លារ ក្នុងនោះកម្ពុជានាំចេញជាង ៣ ៦៦៦ លានដុល្លារ​ ថយចុះ៤.៩៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ 

តាមរយៈរបាយការណ៍ការនេះបានបង្ហាញផងដែរថា ការនាំចេញរបស់កម្ពុជាទៅអឺរ៉ុប មានទំហំទឹកប្រាក់ជាង ៣ ៦៦៦ លានដុល្លារ ធ្លាក់ចុះប្រមាណ ជិត១០% ខណៈការនាំចេញពីអឺរ៉ុបមកកម្ពុជាវិញមានតម្លៃ ជាង៩៤៩លានដុល្លារ កើនឡើង១៦.៩៣%។

បេីតាមការបញ្ជាក់ពីអ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះថា មូលហេតុដែលជំរុញឱ្យការនាំចេញរបស់កម្ពុជាទៅអឺរ៉ុប ធ្លាក់ចុះជិត១០%នេះ គឺបណ្តាលមកពីបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងសង្រ្គាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលបានជះឥទ្ធិពលដល់សេដ្ឋកិច្ច នៅទូទាំងពិភពលោក ក៏ដូចជាតម្រូវការរបស់ប្រជាជនអឺរ៉ុប ខណៈផលិតផលដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអឺរ៉ុប ភាគច្រើន គឺប្រភេទទំនិញវាយនភណ្ឌដូចជា សម្លៀកបំពាក់ សម្ភារសម្រាប់ធ្វើដំណើរ ស្បែកជើង កង់ និងប្រភេទកសិផលមួយចំនួន។

តែយ៉ាងនេះក្តីលោករំពឹងថា នៅឆ្នាំ២០២៤នេះ ស្ថានភាពរនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប នឹងវិលមករកភាពល្អប្រសើរ ដោយអឺរ៉ុបនឹងមានតម្រូវការ និងបញ្ជាទិញទំនិញពីកម្ពុជាឡើងវិញ។

លោកលើកឡើងដូច្នេះដោយកត់សម្គាល់ថា ការអូសបន្លាយយូរនៃសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន បានធ្វើឱ្យប្រជាជនអឺរ៉ុបមានភាពស៊ាំ ដូច្នេះហើយនាំឱ្យការប្រកបរ អាជីវកម្ម ក៏ដូចជាបំពេញការងាររបស់ពួកគេមានស្ថិរភាព ដែលធ្វើឱ្យពួកគេបង្កើនតម្រូវការឡើងវិញ ស្របពេលដែលប្រជាជន អឺរ៉ុប គឺជាប្រជាជនដែលស៊ីវីល័យ ចូលចិត្តចំណាយច្រើន។

លោកកត់សម្គាល់ផងដែរថា បេសកកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅបារាំង និងអឺរុប ដែលបង្ហាញនូវកិច្ចសហការដ៏ល្អប្រសើរ រវាងភាគីទាំងពីរ នឹងធ្វើឱ្យក្រុមហ៊ុនរបស់អឺរ៉ុប ចាប់អារម្មណ៍មកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ដើម្បីផលិតទំនិញផ្សេងៗសម្រាប់នាំចេញ ដែលនឹងធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអឺរ៉ុប កាន់តែធំជាងមុន។

ជាមួយគ្នានេះ លោកជំរុញឱ្យមានការគិតគូរទៅលើ បង្កើនការពង្រឹងគុណភាពទំនិញ​ សម្រាប់ទំនិញវាយនភណ្ឌ និងពង្រឹងទៅលើភូតគាមអនាម័យ សម្រាប់កសិផល ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនអឺរ៉ុប ដើម្បីជំរុញការនាំចេញទៅអឺរ៉ុប៕

ដោយ៖ ស តារា


ចែករំលែក៖