ទីក្រុងប៉ារីស៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង ។
ក្នុងជំនួបនេះ លោក Gérard Larcher បានសម្តែងនូវកិច្ចបដិសណ្ឋារកិច្ចចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសបារាំង និងបានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងនិយាយដោយទ្បែក រវាងស្ថាប័នព្រឹទ្ធសភាកម្ពុជា-បារាំង ក្នុងរយៈកាលប្រមាណ ២៥ ឆ្នាំ កន្លងមកនេះ ដោយគិតចាប់តាំងពីឆ្នាំ១៩៩៩ មក ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនេះ និងបានជម្រាបជូន លោកប្រធានព្រឹទ្ធសភា អំពីលទ្ធផលនៃជំនួបជាមួយ ឯកឧត្តមប្រធានាធិបតីបារាំង ជាពិសេសវឌ្ឍនភាពកិច្ចសហប្រតិបត្តិលើវិស័យជាច្រើន ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ ជាអាទិ៍ វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងភាសា ជាដើម ។
ក្នុងឱកាសនោះផងដែរ សម្តេចធិបតី ក៏បានអញ្ជើញ លោកប្រធានព្រឹទ្ធសភាបារាំង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ជាពិសេស នៅក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាខែកុម្ភៈ ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ ៕
ដោយ៖ តារា