ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ដើម្បីដាក់ចេញនូវវិធានការ និងយុទ្ធនាការរួមគ្នាក្នុងការបង្ការទប់ស្កាត់ និងដោះស្រាយ បញ្ហាគ្រោះអគ្គិភ័យ ដែលអាចកើតមាននៅតាមសហគ្រាស គ្រឹះស្ថានជាយថាហេតុ ក្រសួងនឹងរៀបចំដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នៅពេលខាងមុខនេះ! ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង បានបញ្ជាក់ថា ការគ្រោងបើកកិច្ចប្រជុំលក្ខណៈអន្តរក្រសួង ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនេះ បន្ទាប់ពីមានករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកទុក និងចែកចាយសារធាតុគីមីសម្រាប់បោកគក់ នៃរោងចក្រ យីដា ហ្គាមេន ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានបង្កឱ្យមានកម្មករនិយោជិតរងគ្រោះសរុបចំនួន ២១នាក់ ក្នុងនោះរងរបួសស្រាលចំនួន ២០នាក់ និងស្លាប់ចំនួន ១នាក់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានគូសបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃដដែលនេះ ជនរងគ្រោះចំនួន ១៧នាក់ បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ និងចំនួន ២នាក់ នៅមន្ទីរពេទ្យបង្អែកកៀនស្វាយ។ រីឯជនរងគ្រោះចំនួន ១នាក់ទៀត ដែលសម្រាកនៅមណ្ឌលសុខភាពឈើទាល មានអាការៈធូរស្រាល និងបាន វិលត្រឡប់ទៅគេហដ្ឋានវិញ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារនៃសព ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈបេឡាជាតិសន្តិសុខសង្គមសាខាខេត្តកណ្តាល បានរៀបចំវិភាជន៍បូជាសព ផ្នែកហានិភ័យការងារចំនួន ១០លានរៀល ប្រគល់ជូនគ្រួសារសព និងបន្តជួយដោះស្រាយទុក្ខលំបាករបស់កម្មករនិយោជិតជាជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល និងក្រុមគ្រួសារ ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។
ជាមួយនេះ ក្រសួងការងារ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងអាណិតស្រលាញ់ជាទីបំផុតជាមួយក្រុមគ្រួសារ និងញាតិ មិត្តទាំងអស់នៃសព ហើយសូមជូនពរដល់អ្នករងរបួសទាំងអស់ឆាប់បានជាសះស្បើយ៕
ដោយ៖ តារា