ព័ត៌មានទាន់ហេតុការណ៍៖

បារាំងសន្យាជួយកម្ពុជាសម្រាប់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តិកម្មទឹកស្អាត

ចែករំលែក៖

ភ្នំពេញ ៖ លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រកាសថា នៅសប្តាហ៍នេះ បារាំង បានសន្យាផ្តល់កញ្ចប់ថវិកា២០០លានអឺរ៉ូ ដល់ប្រទេសកម្ពុជា ដើម្បីជួយសម្រាប់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តិកម្មទឹកស្អាត។ ការប្រកាសបែបនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ក្នុងជំនួបនៅទីក្រុងប៉ារីស នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

លោកប្រធានាធិបតី បានចាត់ទុកថា ទស្សនកិច្ចរបស់សម្តេ ចធិបតី ហ៊ុន ម៉ាណែត នាពេលនេះ ជាឱកាសមួយសម្រាប់បង្កើតគម្រោងថ្មីៗថែមទៀត ជាមួយក្រុមហ៊ុនរបស់បារាំង ហើយសម្តេចបានជួបផ្លាស់ប្តូរយោបល់ជាមួយក្រុមហ៊ុនជាច្រើន ជាពិសេសក្រុមហ៊ុនថាមពល ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ។

លោកប្រធានាធិបតី ក៏បានកោតសរសើរអំពីជំហរកម្ពុជា ដោយចូលរួមក្នុងសេចក្តីថ្លែងការណ៍អង្គការសហប្រជាជាតិ ថ្កោលទោសប្រទេសរុស្ស៉ី ដែលបានឈ្លានពានទៅប្រទេសអ៊ុយក្រែនផងដែរ។ 

លោក ក៏បានប្រកាសជាមុន នូវការស្វាគមន៍ចំពោះវត្តមានរបស់ សម្តេចធិបតី ជាថ្មីម្តងទៀតទៅកាន់ប្រទេសបារាំង ដើម្បីបន្តសរសេរប្រវត្តិសាស្ត្រប្រទេសទាំងពីរ ជាប្រវត្តិសាស្ត្រផ្អែកលើមិត្តភាព មិនចេះប្រេះស្រាំរវាងទាំងពីរ៕

ដោយ ៖ សិលា


ចែករំលែក៖