ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារគ្នាទៅវិញទៅមករវាងអុីរ៉ង់នឹងប៉ាគីស្ថាន

ចែករំលែក៖

ប៉ាគីស្ថាននិងអុីរ៉ង់បានបើកការវាយប្រហារលើទឹកដីរបស់គ្នាទៅវិញទៅមក ដែលជាការកើនឡើងមិនធ្លាប់មានពីមុនមករវាងប្រទេសជិតខាងទាំងពីរ នៅពេលមានភាពតានតឹងកើនឡើងនៅទូទាំងមជ្ឈិមបូព៌ា។
ការវាយប្រហារមិនធម្មតាអុីរ៉ង់និងប៉ាគីស្ថាន មានព្រំប្រទល់លាតសន្ធឹងប្រហែល ៩០០ គីឡូម៉ែត្រ ជាមួយខេត្ត Balochistan របស់ប៉ាគីស្ថាននៅម្ខាង និងខេត្ត Sistan របស់អុីរ៉ង់ និង Baluchestan នៅម្ខាងទៀត។ ក្នុងពេលនេះដែរ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានទទូចឱ្យអ៉ីរ៉ង់និងប៉ាគីស្ថានរក្សាភាពអត់ធ្មត់ជាអតិបរមា ដើម្បីចៀសវាងបង្កើនភាពតានតឹងកាន់តែខ្លាំងថែមទៀត ក្រោយប្រទេសជិតខាងទាំងពីរបានវាយប្រហារតាមផ្លូវអាកាសលើគ្នា ទៅវិញទៅមក។
លោក Stephane Dujarric ដែលជាអ្នកនាំពាក្យលោក Guterres បាននិយាយយ៉ាងដូច្នេះថា «លោកអគ្គលេខាធិការ UN បានសង្កត់ធ្ងន់ថា ក្តីកង្វល់ផ្នែកសន្តិសុខទាំងអស់រវាងប្រទេសទាំងពីរចាំបាច់ត្រូវតែដោះស្រាយដោយសន្តិវិធី គឺតាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដែលស្របទៅតាមគោលការណ៍នៃអធិបតេយ្យ បូរណភាពទឹកដី និងទំនាក់ទំនងល្អរវាងអ្នកជិតខាង»។
កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២៤ ប៉ាគីស្ថានបានវាយប្រហារតាមផ្លូវអាកាសលើក្រុមសកម្មប្រយុទ្ធដែលស្ថិតនៅក្នុងទឹកដីរបស់ប្រទេសអ៉ីរ៉ង់ ដើម្បីសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃអង្គាររបស់អ៉ីរ៉ង់ ដែលទីក្រុងតេហេរ៉ង់បាននិយាយថា មានគោលដៅលើពួកសកម្មប្រយុទ្ធមួយក្រុមផ្សេងទៀត ដែលស្ថិតក្នុងទឹកដីប៉ាគីស្ថាន។ ខាងប៉ាគីស្ថានបានអះអាងថា មនុស្ស២នាក់បានស្លាប់ ដោយសារការវាយប្រហាររបស់អ៉ីរ៉ង់ មកលើទឹកដីរបស់ខ្លួន ខណៈខាងអ៉ីរ៉ង់ បានអះអាងថា មនុស្សក្នុងទឹកដីខ្លួនយ៉ាងហោច៩នាក់ បានបាត់បង់ជីវិត ដោយសារការវាយប្រហាររបស់ប៉ាគីស្ថាន៕ ដោយ៖ ធីរីណា

រូប​ថត​៖ EPA


ចែករំលែក៖