ព័ត៌មានទាន់ហេតុការណ៍៖

ថ្មីៗនេះ មានករណីជនអនាមិកបានក្លែងបន្លំគណនីដោយបានប្រើប្រាស់រូបភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី (ជាគណនីសន្ទនាតាមប្រព័ន្ធតេឡេក្រាម)

ចែករំលែក៖

ភ្នំពេញ ៖ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះ មានករណីជនអនាមិកបានក្លែងបន្លំគណនីដោយបានប្រើប្រាស់រូបភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី (ជាគណនីសន្ទនាតាមប្រព័ន្ធតេឡេក្រាម) ក្នុងចេតនាក្លែងបន្លំ កុហកបោកប្រាស់ ឬទាញយកប្រយោជន៍ដោយប្រការណាមួយ។ នេះជាការបញ្ជាក់ពី លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។ 

លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ៖ ចំពោះករណីនេះ យើងខ្ញុំសូមអំពាវនាវឱ្យជនបង្ក បញ្ឈប់នូវទង្វើនេះជាបន្ទាន់ បើពុំនោះទេ ក្រុមការងារនឹងធ្វើការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីស្វែងរកជនទទួលខុសត្រូវចំពោះមុខច្បាប់ជាក់ជាមិនខាន។ 

លោកបន្តថា៖ ឆ្លៀតឱកាសនេះ យើងខ្ញុំសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គមនានាតាមប្រព័ន្ធអុីនធឺណេត សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាងការក្លាយខ្លួនជាជនរងគ្រោះបច្ចេកវិទ្យាដែលនាំឱ្យបាត់បង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិ ដែលបង្កឡើងដោយសារការប្រើប្រាស់ល្បិចបន្លំ ឬការលួចប្រើប្រាស់បច្ចេកទេសចម្លងមេរោគជាដើម។

អាស្រ័យដូចបានជម្រាបខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖