ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំជាន់ខ្ពស់ Church of Jesus Christ ប្ដេជ្ញាចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់វិស័យសុខាភិបាល នៅកម្ពុជា

ចែករំលែក៖

(វិមានសន្តិភាព)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤​ បានជួបពិភាក្សាការងារ ជាមួយ លោក Elder Dale G.Renlund ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Church of Jesus Christ នាឱកាសនៃដំណើរបំពេញទស្សនកិច្ចមកព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ លោក Elder Dale G.Renlund បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានគោរពជម្រាបជូន សម្ដេចធិបតីដោយសង្ខេបនូវសកម្មភាពការងាររបស់ Church of Jesus Christ ដែលផ្ដោតជាសំខាន់ការកិច្ចការមនុស្សធម៌ ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍វិស័យសាសនា អប់រំ សុខាភិបាល និងអនាម័យទឹកស្អាតតាមមូលដ្ឋាន​។ ក្នុងឱកាសនៃជំនួបនេះដែរ​ លោកElder Dale G. Renlund ក៍បានគោរពជម្រាបជូនសម្ដេចធិបតីអំពីគម្រោងកសាងមន្ទីរពេទ្យព្យាបាលជំងឺបេះដូងមួយកន្លែង នៅក្នុងខេត្តសៀមរាប សំដៅជួយដល់ការព្យាបាល និងលេីកកម្ពស់សុខមាភាពប្រជាជនកម្ពជា​ ព្រមទាំងបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ Church of Jesus Christ ក្នុងការបន្តចូលរួមចំណែកលើកកម្ពស់និងគាំទ្រវិស័យសុខាភិបាល និងលើការបណ្ដុះបណ្ដាលកសាងសមត្ថភាពរបស់ប្រជាពលរដ្ឋតាម​សហគមន៍​ នៅតាមមូលដ្ឋានផងដែរ។ 

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះលទ្ធផល​ដែលសម្រេចបាន​របស់  Church  of Jesus Christ​ ក្នុងការគាំទ្រលេីគម្រោងជាច្រេីន​ ដែលបាន​ផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងគម្រោងថ្មីៗរបស់ Church of Jesus Christ ដែលបានរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើការធានាឱ្យមានសេរីភាពខាងជំនឿសាសនា និងការធានានូវសុខដុមនីយកម្មខាងសាសនានៅក្នុងសង្គមកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលធ្លាប់បានឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏ជូរចត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលនៅពេលនោះ របបប្រល័យពូជសាសន៍ខ្មែរក្រហម បានលុបបំបាត់ចោលទាំងស្រុងរាល់ជំនឿសាសនារបស់ប្រជាពលរដ្ឋ។ តាមរយៈបទពិសោធន៍ដ៏ជូរចត់នេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលមុនៗ ក៏ដូចជារាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានផ្ដោតយកចិត្តទុកដាក់លើការរក្សានូវសុខដុមនីយកម្មផ្នែកសាសនា ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាព​ និងស្ថិរភាពពេញលេញនៅកម្ពុជា៕

ដោយ​៖ តារា​


ចែករំលែក៖