ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី​បណ្ឌិត​ ចំណាយថវិការ​លើការព្យាបាលអ៊ំប្រុស មុំ តូ អាយុ៦៤ឆ្នាំ ដែលមានជំងឺ​ពិបាកដកដង្ហើមធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ​៖​ អ៊ំប្រុស មុំ តូ អាយុ៦៤ ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គាត់មានអាការក្អក, ហត់, ណែនទ្រូង និងពិបាកដកដង្ហើម ហើយសភាពជំងឺកាន់តែធ្ងន់ធ្ងរជាលំដាប់ ។ 

ដោយក្ដីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេបានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ធ្វើការបញ្ជូនអ៊ំប្រុសមកសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។ ក្រុមគ្រូពេទ្យឯកទេសបានពិនិត្យយ៉ាងយកចិត្តទុកដាក់ ហើយរកឃើញថា អ៊ំប្រុសមានជំងឺត្បៀតទងសួត និងជំងឺបេះដូង ដែលត្រូវសម្រាកព្យាបាលនៅមន្ទីពេទ្យ។  

បច្ចុប្បន្ន ស្ថានភាពជំងឺអ៊ំប្រុសបានធូរស្រាលមកវិញ រហូតត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះ ជាមួយក្តីរីករាយ និងការគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកស្រី​បណ្ឌិត ជាអនេក ។

គួរបញ្ជាក់ថា​ ការចំណាយលើការព្យាបាល ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖