ព័ត៌មានទាន់ហេតុការណ៍៖

សូមគាំទ្រ ! លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ចេញកម្លាំងនគរបាលបើកយុទ្ធនាការរឹតបន្ដឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុលក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយគ្មានការលើកលែងឡើយ !

ចែករំលែក៖

ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ចេញកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញយុទ្ធនាការរឹតបន្ដឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញជាប្រចាំ ដោយគ្មានការលើកលែងចំពោះបុគ្គលណាម្នាក់នោះឡើយ ហើយចាប់ផ្ដើមពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះតែម្ដង។ សកម្មភាពនេះ ជាយន្តការមួយ លុបបំបាត់ ករណីគ្រោះថ្នាក់ចរាចរណ៍ ។ 

នៅព្រលប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា ៖ «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»។ 

សូមបញ្ជាក់ថា ៖ យុទ្ធនាការនេះ ជាក្តីប្រថ្នារបស់មជ្ឈដ្ឋានរបស់បនរជាពលរដ្ឋ មន្ត្រីរាជការ ក្នុងក្របខណ្ឌទូទាំងប្រទេស ។ 

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ យុទ្ធនាការរឹតបន្ដឹងច្បាប់ត្រួតពិនិត្យជាតិអាល់កុលនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្ការកុំឲ្យមានអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់សង្គមមួយនេះ។

សូមរំលឹកថា ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងព័ត៌មាន បានដាក់ចេញការណែនាំដល់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីឲ្យពង្រឹងការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ។

ការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីឃើញមានសោកនាដកម្ម ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយរយៈពេលចុងក្រោយនេះ ហាក់កើនឡើងគួរឲ្យព្រួយបារម្ភ ដែលក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន តែងតែបង្កដោយអ្នកបើកស្ថានក្រោមឥទ្ធិពលនៃគ្រោះស្រវឹង ហើយនៅពេលមានគ្រោះថ្នាក់ម្ដងៗ តែងតែមានអ្នកស្លាប់ និងរបួសជាច្រើននាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំថា ការពង្រឹងការអនុវត្តវិធានការត្រួតពិនិត្យគ្រឿងស្រវឹងនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយជៀសវាងនូវបាតុភាពផ្សេងៗដែលអាចកើតមានឡើង។ ជាមួយគ្នានេះ អ្នកសារព័ត៌មាន ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់ដោយសារគ្រឿងស្រវឹង គ្រឿងញៀនជាដើម។

គួរជម្រាបថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរយៈពេលចុងក្រោយនេះ បានបង្ហាញអំពីសញ្ញាណមួយដ៏គួរឲ្យព្រួយបារម្ភ ដែលភាគច្រើនបណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត និងរបួសជាច្រើននាក់។ ជាក់ស្ដែង កីឡាករវាយស៉ីជម្រើសជាតិម្នាក់ ត្រូវរថយន្ដទំនើបមួយគ្រឿងបើកបុកស្លាប់ភ្លាមៗនៅខណ្ឌទួលគោក ហើយរឿងរ៉ាវនេះក៏មិនទាន់ត្រូវបានដោះស្រាយបញ្ចប់នោះដែរ ពោលក្រុមគ្រួសារជនរងគ្រោះមិនទាន់ទទួលបានសំណងនៅឡើយ បើទោះបីជនបង្កត្រូវតុលាការសម្រេចឃុំខ្លួន។

ដោយឡែក ហេតុការណ៍ចុងក្រោយមួយទៀត ដែលបានកើតឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំបើករថយន្ដ Ford មួយគ្រឿង បុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ភ្លាមៗ និង៤នាក់ផ្សេងៗរងរបួស នៅចំណុចស្ពានអាកាសឫស្សីកែវ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥។ អ្នកបើកបរត្រូវបានចាប់ខ្លួន និងបញញជូនទៅតុលាការផងដែរ។ 

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បង្ហោះថា ៖ «អ្នកនឹងក្លាយជាឃាតករ បើនៅតែបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង! »

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ៖ ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ ពីចំណែកនៃមូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ​ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។ 

បើតាមមាត្រា​៨៥​ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ 

បេីអ្នកបេីកបរស្ថិតក្នុងស្ថានភាពស្រវឹង​ ដោយមានអត្រាជាតិអាល់កុលចាប់ពី​ ០,៤០​មីលីក្រាមក្នុងមួយលីត្រខ្យល់​ឬចាប់ពី​ ០,៨០​ក្រាម​ ក្នុងមួយលីត្រឈាម​ ឡេីងទៅ​​ ឬបណ្ដាលឱ្យមានមនុស្សស្លាប់ច្រេីននាក់​ជាដេីម​ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី​២​ទៅ​៥ឆ្នាំ។ នេះដោយមិនគិតពីការពិន័យជាប្រាក់​ និងសំណងរដ្ឋប្បវេណីនៅឡេីយទេ។

ជាមួយគ្នានេះ​ សម្ដេចធិបតី​ នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានមានប្រសាសន៍ណែនាំដោយផ្ទាល់យ៉ាងច្បាស់​និងប្រកបដោយភាពម៉ឺងម៉ាត់​ ឱ្យឃាត់ខ្លួន​និងវាយខ្នោះជាបន្ទាន់​រាល់ជនណាដែលមានជាតិស្រវឹងក្នុងខ្លួនហេីយបេីកបរបង្កគ្រោះថ្នាក់បណ្ដាលឱ្យអ្នកដទៃរងរបួស​ ឬស្លាប់​ ខណៈក្រសួងមហាផ្ទៃ ក៏កំពុងសិក្សាបង្កេីតប្រព័ន្ធផ្ទុកទិន្នន័យ ឬ Black List កត់ត្រាជនទាំងឡាយណាដែលបេីកបរក្នុងស្ថានភាពស្រវឹងហេីយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នករងរបួស​ ឬស្លាប់។ 

 យ៉ាងណាក៏ដោយ ខ្ញុំសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅបំពានដោយចេតនាយ៉ាងច្បាស់ក្រឡែត ជាហេតុបណ្ដាលឱ្យសោកនាដកម្មលើដងផ្លូវមួយនេះ បន្តកើតមានឥតលោះថ្ងៃ។ ជាក់ស្ដែងថ្មីៗនេះក្នុងអាការៈស្រវឹងជោគ ជនបង្កបានបុករះបណ្ដាលឱ្យមានជនរងគ្រោះស្លាប់ដល់ទៅ ៤នាក់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត។ រឿងហេតុនេះបានកើតឡើងទាំងក្នុងពេលដែលសាធារណមតិកំពុងជជែកគ្នាយ៉ាងក្ដៅគគុកអំពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗដែលបណ្ដាលមកពីអ្នកបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង។

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះទៀត ករណីគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងស្រវឹង បានក្លាយជាប្រធានបទធំមួយក្នុងចំណោមប្រធានបទសំខាន់ៗដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីបិទសន្និបាតរបស់ក្រសួងព័ត៌មាន។ ជាមួយនឹងការសោកស្ដាយចំពោះរឿងហេតុដែលកើតឡើងថ្មីៗនេះ សម្ដេចនាយករដ្ឋមន្រ្តី បានណែនាំឱ្យរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងនោះត្រូវបង្កើនសកម្មភាពត្រួតពិនិត្យជាតិអាល់កុលនៅពេលយប់ផងដែរ។

ខ្ញុំមានសេចក្ដីសង្ឃឹមនិងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកនិយមទទួលទានគ្រឿងស្រវឹង នឹងមានការភ្ញាក់ស្មារតី រួមគ្នាគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសរួមគ្នាលុបបំបាត់ចោលនូវទំលាប់បើកបរទាំងក្នុងស្ថានភាពស្រវឹង តាមពាក្យស្លោក«បើស្រវឹងកុំបើកបរ…» និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន «ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!»។ សូមកុំបណ្ដោយឱ្យសុរាដឹកមុខអ្នកទៅរកផ្លូវវិនាស! សូមកុំឱ្យគ្រឿងស្រវឹងកែប្រែជីវិតអ្នកឱ្យក្លាយជាឃាតករសម្លាប់មនុស្ស! ៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖