ព័ត៌មានទាន់ហេតុការណ៍៖

(គជប) ចេញសេចក្តីណែនាំ ស្តីពីការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់នេះ (ច.ប.ព.ស) ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់នេះ (ច.ប.ក.រ) និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (ប.ន.ព.ស) ក្នុងគោលបំណងឱ្យដំណើរការនៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រព្រឹត្តទៅបានត្រឹមត្រូវ ធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ បញ្ចៀសការកកស្ទះចរាចរណ៍តាមដងផ្លូវ ទីប្រជុំជន និងទីសាធារណៈ គោរពតាម វិធាននៃបទប្បញ្ញត្តិ និងគោលការណ៍ណែនាំដូចមានចែងក្នុង ច.ប.ព.ស.ច.ប.គ.រ ប.ន.ព.ស និងក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមធ្វើការណែនាំដល់គណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ច និងគណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត អំពីការហែក្បួនឃោសនាបោះឆ្នោតក្នុងអំឡុងពេលឃោសនាបោះឆ្នោត ដូចខាងក្រោម៖

1. ការកំណត់ទម្រង់ និងទំហំនៃការហែក្បួនឃោសនាបោះឆ្នោត ការហែក្បួនឃោសនាបោះឆ្នោត សំដៅដល់ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ដែលរៀបចំឡើងដោយគណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោតក្នុងមណ្ឌលភូមិភាគ។

ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទត្រូវបាន កំណត់ទម្រង់ និងទំហំដូចខាងក្រោម៖

មានការរៀបចំជាក្បួន មានបិទបដា ឬ/និងពាក្យស្លោក ឬ/និងសារនយោបាយនៅភ្ជាប់នឹង រថយន្ត ឬ/និងទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្ត ឬជលយានគ្រប់ស្រុក និងមានការ ចាក់ផ្សាយដោយឧបករណ៍បំពងសំឡេងចំនួនអ្នកចូលរួមមានចាប់ពី ២០ (ម្ភៃ) នាក់ឡើងទៅ ដោយក្រុមថ្មើរជើង ឬនិងប្រើប្រាស់ យានជំនិះតាមប្រភេទណាមួយ ឬទាំងអស់ ក្នុងការឃោសនាបោះឆ្នោតមាន ៖ 

• រថយន្តចាប់ពី ២ (ពីរ) គ្រឿងឡើងទៅ អមដោយទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្ត ចាប់ពី ១០ (ដប់) គ្រឿងឡើងទៅ

.ទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្តចាប់ពី ២០ (ម្ភៃ) គ្រឿងឡើងទៅ

.ជលយានគ្រប់ប្រភេទចាប់ពី ៥ (ប្រាំ) គ្រឿងឡើងទៅ។

ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការហែក្បួនព្យុហយាត្រា ឬ ក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឱ្យធ្វើយ៉ាងច្រើន ២ (ពីរ) ដង នៅក្នុងមណ្ឌលភូមិភាគដែលគណបក្សនយោបាយមានបញ្ជីបេក្ខជនឈរឈ្មោះ។

.ការហែក្បួនឃោសនាបោះឆ្នោតឆ្លងភូមិភាគ មិនត្រូវបានអនុញ្ញាតឡើយ។ គណបក្សនយោបាយ ដែលហែក្បួនឃោសនាបោះឆ្នោតក្នុងរាជធានី ខេត្តចំណុះភូមិភាគ ដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោត ហើយតម្រាយផ្លូវនៃក្បួនឃោសនានោះត្រូវឆ្លងកាត់រាជធានី ខេត្តដទៃ ដោយសារស្ថានភាព ទីតាំងភូមិសាស្ត្រជាក់ស្តែងនៃរាជធានី ខេត្តនោះមានព្រំប្រទល់ជាប់គ្នា ដែលមិនអាចវាងបាន គណបក្ស នយោបាយសាមីត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ គធ.ខប ពាក់ព័ន្ធ យ៉ាងតិចឱ្យបាន ៣ (បី) ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត ទោះបីជារាជធានី ខេត្តដែលត្រូវឆ្លងកាត់នោះខ្លួនមាន ឬគ្មានបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោតក៏ដោយ។ ក្នុងដំណើរឆ្លងកាត់នេះ សាមីគណបក្សនយោបាយត្រូវបិទឧបករណ៍ បំពងសំឡេង និងផ្អាករាល់សកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួន។ គធ.ខប ពាក់ព័ន្ធត្រូវស្នើសុំកិច្ចសហការ និងការសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងពេលឃោសនាបោះឆ្នោត។

II. ការជូនដំណឹងអំពីការហែក្បួនឃោសនាបោះឆ្នោត

គណបក្សនយោបាយដែលមានបំណងហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍ អក្សរទៅ គធ.ខប យ៉ាងហោចឱ្យបាន ៣ (បី) ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។ ការជូនដំណឹងនេះត្រូវ បញ្ជាក់ឱ្យបានច្បាស់អំពី៖

នាមត្រកូល នាមខ្លួន និងអាសយដ្ឋានអចិន្ត្រៃយ៍របស់តំណាងគណបក្សនយោបាយ

.កាលបរិច្ឆេទ និងពេលវេលានៃការហែក្បួន

.ទីតាំងប្រមូលផ្តុំ និងតម្រាយផ្លូវដែលត្រូវហែក្បួន និងទីតាំងរំសាយ

.ចំនួនអ្នកចូលរួម

ចំនួនយានជំនិះតាមប្រភេទនីមួយៗ។

III. អំពីកិច្ចសហការ និងការអនុវត្ត

គធ.ខប ត្រូវសហការជាមួយអាជ្ញាធរដែនដី ដើម្បីសម្របសម្រួល ទីកន្លែង ផ្លូវ ពេលវេលា និង កម្មវិធីនៃការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗ។

គណបក្សនយោបាយត្រូវប្រមូលយកមកវិញនូវបណ្ណប្រកាស ឬបណ្ណបិទផ្សាយ បវោ ឯកសារឃោសនា បោះឆ្នោតទាំងអស់របស់ខ្លួនពីគ្រប់កន្លែងសាធារណៈ ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត។ 

គណបក្សនយោបាយ ត្រូវយកចិត្តទុកដាក់គោរព និងរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ល្អតាមដងផ្លូវ ទីប្រជុំជន ទីសាធារណៈ និងត្រូវយកចិត្តទុកដាក់គោរពតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ព្រមទាំងវិធានការ សុខាភិបាលនានា ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ទទួលបានសេចក្តីណែនាំនេះ អគ្គលេខាធិការ គ.ជ.ប ប្រធាន គធ.ខប អាជ្ញាធរមានសមត្ថកិច្ច និង គណបក្សនយោបាយពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់សហការអនុវត្តឱ្យមានប្រសិទ្ធភាព និងក្នុងស្មារតី ទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕ 

ដោយ ៖ សិលា


ចែករំលែក៖