ព័ត៌មានទាន់ហេតុការណ៍៖

អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បន្តចុះពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យមន្រ្តីជំនាញនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២)។ 

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​នៅក្នុងនោះនៅថ្ងៃទី២៨ ខែមករាម្សិលមិញនេះ​ បានផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ចំនួន៤១នាក់ (ផ្តល់ឡើងវិញ ចំនួន១៥នាក់ និងផ្តល់ថ្មីចំនួន២៦នាក់), សៀវភៅស្នាក់នៅថ្មី​  ចំនួន២១គ្រួសារ, ទុតិយតាសៀវភៅស្នាក់នៅ​  ចំនួន៤០គ្រួសារ, សៀវភៅគ្រួសារថ្មី​  ចំនួន២៦គ្រួសារ និងទុតិយតាសៀវភៅគ្រួសារ​  ចំនួន០១គ្រួសារ។ 

ជាមួយគ្នានោះ​ អធិការនគរបាលខណ្ឌទាំង​ ១៤ខណ្ឌ ក៏បានចាត់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុង​មូលដ្ឋាន​របស់​ខ្លួន​ បន្តចុះត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួល និងតំបន់​ស្មុគស្មាញ​ផងដែរ។ 

ដោយឡែក​លោកឧត្តមសេនីយ៍ទោ​ បេង ដាណារ៉ា ស្នងការរង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ តំណាងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកម្លាំង​ចូលរួមប្រជុំជួរ និងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមការពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

ដោយ៖ តារា


ចែករំលែក៖