ភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនចំនួន៦នាក់ និងវត្ថុតាងគ្រឿងញៀន ៥១កេស ចំនួន ១៥៣០ដុំ ស្មើទម្ងន់ ១ តោន ៥១៣ គ.ក្រ ៤០៩.៦០ក្រាម ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ នេះបើយោងតាមផេកអគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។
គួររំលឹកថា ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៣និង១៥នាទី អនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និង លោកឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញ (ក៥) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី លោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ លោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ(ក៥) លោកវរសេនីយ៍ទោ ស៊ី ម៉ារ័ត្ន លោកវរសេនីយ៍ទោ ហាស់ សំអូន និងលោកវរសេនីយ៍ទោ ងិន សារឿន នាយរងការិយាល័យ(ក៥) សហការជាមួយកម្លាំង វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយ លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានស្រាវជ្រាវ ស៊ើបអង្កេត ឃ្លាំមើលមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីប្រទេសឡាវ ឆ្លងកាត់កម្ពុជា ចេញតាមលំហសមុទ្រ ទៅដែនកោះតៃវ៉ាន់ នៅចំណុចទី១ ៖ កំពង់ផែកំពេញស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, ទី២៖ផ្ទះជួលគ្មានលេខ ផ្លូវទំនប់រលក ភូមិ៣ សង្កាត់ លេខ១ ក្រុងព្រះសីហនុ, ទី៣៖ ផ្ទះលេខ១៥៦ ផ្លូវ២៣ បូរីពិភពថ្មី៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ លទ្ធផល ចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ ។
ក្រុមឧក្រិដ្ឋជនគ្រឿងញៀនរួមមាន ៖
១.ឈ្មោះ លី ជុងស៊ាន (LI TSUNG HSIEN) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កើត ១៦/០៣/១៩៩៤
២.ឈ្មោះ ហ៊ុង ស៊ានហ៊្វូ (HUNG HSIEN FU) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កើត ០៨/០៩/១៩៧៦
៣.ឈ្មោះ យ៉ាង លានឈី (YANG LIANQI) ហៅ LIM WEI MINH ភេទប្រុស ជនជាតិចិន កើត ០៦/០៨/១៩៦២
៤.ឈ្មោះ ស៊ី យានយ៉ា (SHI YUANYA) ភេទប្រុស ជនជាតិចិន កើត ១៩/០២/១៩៧៩
៥.ឈ្មោះ ហ័ង ស៊ាវអ៊ី (HUANG XIAOYU) ភេទប្រុស ជនជាតិចិន កើត ០១/០៨/១៩៨៩
៦.ឈ្មោះ ឈីវ ស៊ីឈា (CHIU SHIH CHIA) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កើត ១៤/០៤/១៩៩០ ។
ចាប់យកវត្ថុតាង ៖ គ្រឿងញៀនសរុប : ១៥៣០ដុំ ស្មើទម្ងន់ ១ តោន ៥១៣ គ.ក្រ ៤០៩.៦០ក្រាម
– គ្រឿងញៀនប្រភេទកេតាមីន (Ketamine) ១០០០ដុំ ស្មើទម្ងន់ ៩៨០ គ.ក្រ ៨០០ក្រាម
– គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ៥៣៤ដុំ. ស្មើទម្ងន់ ៥៣២ គ.ក្រ ៦០៩.៦០ក្រាម
– ទូកនេសាទ ចំនួន ២គ្រឿង, អូរខ្យល់ ០១គ្រឿង,
– រថយន្ត ០២គ្រឿង – ម៉ូតូ ០១គ្រឿង – ទូរស័ព្ទដៃ ១២គ្រឿង។
សូជម្រាបថា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងណែនាំឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការបោសសម្អាតឧក្រិដ្ឋជនគ្រឿងញៀនឱ្យអស់ឲ្យដល់ប្ញសគល់ ។ ដោយទទួលបានបទបញ្ជានេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយ លោក ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថា នឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម និងបង្ក្រាបឱ្យដល់ឫសគល់។
ជាក់ស្តែងរយៈពេលចុងក្រោយនេះ ករណីជួញដូរគ្រឿងញៀនធំៗ ជាច្រើនត្រូវបានបង្ក្រាបជាមួយនឹងឧក្រិដ្ឋជនជាច្រើននាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕
ដោយ ៖ សិលា