ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីបណ្ដាញសង្គមតេឡេក្រាមផ្លូវការរបស់ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សាលាឧទ្ធរណ៍បាត់ដំបង បានសម្របសម្រួលវិវាទមួយរវាងបងប្អូនបង្កើត ៣នាក់ ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ ២១៦ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការបែងចែកមរតក ដែលវិវាទនេះ បានអូសបន្លាយតាំងពីសាលាដំបូងមក។
ប្រភពដដែលបន្តថា ជាក់ស្ដែងភាគីទាំង ៣បានព្រមស្តាប់ហេតុផល និងទទួលយកការសម្រុះសម្រួលរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍បាត់ដំបង ហើយការសះជានេះ បានបញ្ចប់វិវាទនៅតុលាការដោយសន្តិវិធី និងធ្វើឱ្យបងប្អូនបង្កើតទាំង៣នាក់ មានទំនាក់ទំនងល្អឡើងវិញ។ ដោយអនុវត្តតាមការណែនាំប្រធានក្រុមប្រឹក្សាជំនុំជម្រះ តុលាការបានបែងចែកទ្រព្យរបស់ម្តាយដែលបន្សល់ទុកនូវដីចំនួន ២០ម×៣៤ម ក្នុងម្នាក់ៗដើម្បីបញ្ចប់វិវាទ។
ជាមួយគ្នានេះ ភាគីទាំង៣នាក់ខាងលើ បានថ្លែងអំណរគុណយ៉ាងខ្លាំងជូនចំពោះសាលាឧទ្ធរណ៍បាត់ដំបង និងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ដែលបានយកចិត្តទុកដាក់ដោះស្រាយរឿងរបស់ពលរដ្ឋ និងបានបញ្ចប់វិវាទ និងបានផ្សះផ្សារវិវាទបងប្អូនបង្កើត ឱ្យត្រូវគ្នាវិញ និងគោរពស្រឡាញ់គ្នាដូចដើម។
គួរបញ្ជាក់ផងដែរថា ការពន្លឿនដោះស្រាយរឿងក្តីជូនប្រជាពលរដ្ឋ ជាយុទ្ធនាការអាទិភាពដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ក្នុងគោលបំណងស្វែងរកយុត្តិធម៌ឱ្យបានឆាប់រហ័សជូនបងប្អូនប្រជាពលរដ្ឋ៕
ដោយ៖ តារា