ខេត្តស្វាយរៀង៖ សមត្ថកិច្ច បញ្ជូនជនសង្ស័យ ១១នាក់ ទៅកាន់សាលាដំបូងខេត្ត ករណីជួញដូរ រក្សាទុកកែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងបាវិត ។
យោងតាមមន្ត្រីនគរបាលផែនការងារប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង បានអោយដឹងនៅរសៀលថ្ងៃទី២៩ខែមករាឆ្នាំ២០២៤នេះថា អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឈីវ អុិចគង់ និងលោក ដូរ៉ាអង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២២-២៦ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកកែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះល្វែងជួល និងចំណុចអគារស្នាក់នៅក្នុងបរិវេណក្រុមហ៊ុនកាសុីណូ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថាជា លទ្ធផលសមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១១នាក់ ស្រី០៥នាក់ (ជនជាតិវៀតណាម)និងបានចាប់យកវត្ថុតាងនិងសម្ភារៈរួមមាន:ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៦០៨,០៤ ក្រាម, ប្រភេទកេតាមីន ទម្ងន់ ៤៨៥,៤៥ ក្រាមប្រភេទ អុិចស្តាសុីទម្ងន់ ៣១១,៧៥មក្រាម ,ប្រភេទ ហេរ៉ូអុីនទម្ហន់ ១,០៥ ក្រាម ,មេតំហ្វេតាមីនគ្រាប់ទម្ងន់ ០,៧៩ ក្រាម, អុិចស្តាសុីគ្រាប់ទម្ងន់ ០,២៨ ក្រាម ,ជញ្ជីងថ្លឹងថ្នាំញៀន ០៨ គ្រឿង ,ម៉ាសុីនអ៊ុតមាត់ថង់ ០១ គ្រឿង ,អាវុធខ្លី០១ ដើម ម៉ាកឡុក ,បង់០១ គ្រាប់ ២៥ គ្រាប់ ,ទូរស័ព្ទ ១២ គ្រឿង ,រថយន្ត ០១ គ្រឿង , ម៉ូតូ ០២ គ្រឿង ,ប្រាក់ដុល្លារ ៨០០$,ថ្នាំអំពូល ១១ ដប ព្រមទាំងឧបករណ៍ សម្ភារ:កែច្នៃ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕
ដោយ៖ សុថាន