ភ្នំពេញ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ ប្អូនស្រី ជេត ស្រីតា អាយុ ៣១ ឆ្នាំ និងប្អូន ជេត ស្រីមុំ អាយុ ៣២ ឆ្នាំ មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ប៉ុន្តែដោយមានជីវភាពខ្វះខាតខ្លាំងពុំមានលទ្ធភាពព្យាបាល ហើយបច្ចុប្បន្នរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ដោយក្ដីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នាំប្អូនស្រីទាំងពីរនាក់មកព្យាបាលជាមួយគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ។ ទឹកចិត្តដ៏ថ្លៃថ្លានេះ ធ្វើឱ្យក្រុមគ្រួសាររបស់ប្អូនស្រីទាំងពីរ មានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកស្រីបណ្ឌិត ជាអនេក ។
សូមបញ្ជាក់ថា ៖ ការចំណាយលើការព្យាបាល ក៏ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផងដែរ ។ សូមអរគុណក្រុមគ្រូពេទ្យ៕
ដោយ ៖ សិលា