ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការខកចិត្តចំពោះព័ត៌មានបំភ្លៃមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនិងរូបភាពកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ – Special Programme to Promote Investment in Preah Sihanouk Province 2024» នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញការខកចិត្តចំពោះព័ត៌មានបំភ្លៃមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាព និងរូបភាពរបស់ប្រទេសកម្ពុជា ពិសេសនៅខេត្តព្រះសីហនុនេះតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ កម្ពុជាបានកសាងឡើងវិញអស់ជិត២០ឆ្នាំ ដើម្បីបង្ហាញថា កម្ពុជាមានសន្ដិភាព ស្ថិរភាព ដើម្បីអាចឱ្យអ្នកទេសចរមកទស្សនអង្គរវត្ត មកទស្សនាកម្ពុជា។ ប៉ុន្ដែបច្ចុប្បន្ន មានព័ត៌មានអាក្រក់ពាក់ព័ន្ធនឹងសន្ដិសុខ តែ ២ ឬ ៣ បានធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។

ទន្ទឹមនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអាជ្ញាធរឱ្យថែរក្សាសន្តិសុខឱ្យបានល្អនៅខេត្តព្រះសីហនុ ព្រោះកត្តាសន្តិសុខនេះមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញភ្ញៀវទេសចរ។ កិច្ចការងារនេះ គឺជាកិច្ចការដ៏ធំដែលអាចឱ្យយើងសម្រេចបាននូវការទាក់ទាញសក្ដានុពលនៃការីកចម្រើនពហុវិស័យប្រកបដោយចីរភាព។នាយករដ្ឋមន្ត្រីបញ្ជាទៅកម្លាំងសមត្ថកិច្ចអាជ្ញាធររបស់ខេត្តព្រះសីហនុយកចិត្តទុកដាក់លើបញ្ហាសន្តិសុខសុវត្ថិភាព ជាពិសេសការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងការគ្រប់គ្រងអាវុធខុសច្បាប់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ កាលពីកន្លងទៅមានការផ្សព្វផ្សាយព័ត៌មានអវិជ្ជមានជាច្រើនដែលមិនពិតចេញពីខេត្តព្រះសីហនុ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់វិស័យទេសចរណ៍ក្នុងខេត្ត ។

សម្ដេចបានជំរុញឲ្យពង្រឹងនូវការថែរក្សាសុវត្ថិភាពសន្តិសុខនៅក្នុងខេត្តបង្ហាញដល់ភ្ញៀវទេសចរណ៍និងថាតាមរយៈពីការផ្សព្វផ្សាយដោយផ្ទាល់ពីអ្នកទេសចរ សម្ដេចជឿថានឹងអាចទាក់ទាញអ្នកទេសចរណ៍ត្រឡប់មកវិញ។

សម្ដេចថា៖ «សូមឱ្យបង្កើនសកម្មភាពត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ និងគិតគូរអំពីវិធានការឲ្យបានហ្មត់ចត់ជាមួយនឹងកិច្ចការងារនេះ»។

សម្ដេចធិបតីបន្ថែមថាការថែរក្សានូវសុខសុវត្ថិភាពគឺវាមានសារៈសំខាន់ណាស់ ក្នុងការបង្កើតនូវទំនុកចិត្តទៅដល់ភ្ញៀវទេសចរណ៍មកកាន់ខេត្តនេះ៕

ដោយ ៖ សិលា


ចែករំលែក៖