ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗឱកាសអញ្ជើញក្នុងកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ នៅព្រឹកថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២៤​ បានថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជា​អធិប​តី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ ដូចខាងក្រោម៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត​ ថ្លែង​ថា​ កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងជំរុញសកម្មភាពការវិនិយោគ ក៏ដូចជាការដោះស្រាយបញ្ហានានា ដែលកំពុងប្រឈម និងកំពុងជាប់គាំង ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តឈានមុខ ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ។

-សម្ដេចធិបតី ថ្លែង​ណែនាំអាជ្ញាធរឱ្យថែរក្សាសន្តិសុខឱ្យបានល្អនៅខេត្តព្រះសីហនុ ព្រោះកត្តាសន្តិសុខនេះ មានសារសំខាន់ណាស់ក្នុងការទាក់ទាញទេសចរ ។ កិច្ចការងារនេះ គឺធំ ដែលអាចឱ្យយើង សម្រេចបាននូវចីរភាពទាញសក្ដានុពលនៃការីកចម្រើនពហុវិស័យ ។ កិច្ចការធំបំផុត គឺបញ្ហាគ្រឿងញៀន និងការប្រើប្រាស់អាវុធខុសច្បាប់ ។

-សម្ដេចធិបតី បញ្ជាឱ្យបិទទីតាំងបាញ់កាំភ្លើងនៅខេត្តព្រះសីហនុ និងបញ្ឈប់ការចេញអាជ្ញាបណ្ណសុំបង្កើតទីតាំងបាញ់កាំភ្លើងផងដែរ ។

-សម្តេចធិបតី បញ្ជាឱ្យបិទទីតាំងក្លឹបបាញ់កាំភ្លើងឯកជនពីរកន្លែងនៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ។ ចំណែកទីតាំងកងទ័ពដែលមានទីលានបាញ់កាំភ្លើងក៏មិនត្រូវអនុញ្ញាតធ្វើអាជីវកម្មបាញ់កាំភ្លើងឯកជននោះទេ។

-សម្ដេចធិបតី​ ថ្លែង​បញ្ជាក់​ថា កាលពីម្សិលមិញ (៣០ មករា ២០២៤) សម្ដេចធិបតី បានសម្រេចឱ្យរៀបចំចេញអនុក្រឹត្យមួយឱ្យបញ្ឈប់ការបើកថ្មីចំពោះទីកន្លែងបាញ់កាំភ្លើងឯកជន ឬបាញ់ស៊ីបនេះ។

-សម្តេចធិបតី ថ្លែង​ថា សម្ដេចនឹងដឹកនាំផ្ទាល់ ដើម្បីធ្វើយុទ្ធនាការជ្រុងសន្ដិសុខមួយនៅខេត្តព្រះសីហនុ។

-សម្តេចធិបតី ថ្លែង​ថា កម្ពុជាកសាងជិត២០ឆ្នាំ ដើម្បីបង្ហាញថា កម្ពុជាមានសន្ដិភាព ស្ថិរភាព ឱ្យទេសចរមកទស្សនអង្គរវត្ត ទស្សនាកម្ពុជា ប៉ុន្ដែបច្ចុប្បន្ន មានព័ត៌មានអាក្រក់ពាក់ព័ន្ធនឹងសន្ដិសុខ តែពីរឬបី បានធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។

-សម្តេចធិបតី ថ្លែង​អំពាវនាវដល់វិស័យឯកជន ធ្វើការសិក្សា និងពិនិត្យលទ្ធភាពវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីទទួលបានការផ្ដល់ជូនពិសេសពីរាជរដ្ឋាភិបាល បន្ទាប់ពីបានដាក់ចេញនូវ«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤នេះ។

-សម្ដេចធិបតី ថ្លែងថា ខេត្តព្រះសីហនុ គឺជាប៉ូលសេដ្ឋកិច្ចទី២ របស់កម្ពុជា ដែលរាជរដ្ឋាភិបាល បានចំណាយទុនច្រើនណាស់ សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តដ៏មានសក្តានុពលមួយនេះ។

-សម្ដេចធិបតី ថ្លែងថា ឆ្នាំ២០២៤នេះ កម្ពុជា ដាក់ចេញគោលដៅសំខាន់ ២ មួយនៅខេត្តសៀមរាប និងមួយទៀតនៅខេត្តព្រះសីហនុ។ សម្ដេច​ធិបតី​ បញ្ជាក់​ថា​ ក្នុងឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា ដាក់ចេញគោលដៅសំខាន់ចំនួន ២ គឺទី ១. កម្មវិធីទស្សនាសៀមរាប ២០២៤ និងទី ២. កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤។

-សម្ដេចធិបតី​ គូសបញ្ជាក់ថា​ «ចឹងបានឆ្នាំ ២០២៤នេះ យើងសម្រេចជ្រើសយកខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយនៅក្នុងវិស័យសំខាន់ ដែលពាក់ព័ន្ធនឹងសក្ដានុពលនេះ ដើម្បីធ្វើយ៉ាងណាជំរុញ និងពន្លឿននៃការអភិវឌ្ឍកន្លែងនេះ ដើម្បអាចជាប៉ូលមួយ អាចយោងឡើងខ្ពស់ ហើយអាចទាញការអភិវឌ្ឍទូទាំងប្រទេស នេះជាមូលហេតុដែលយើង ត្រូវចាំបាច់ដាក់ចេញកម្មវិធីនេះតែម្ដង»៕

ដោយ​៖ តារា​


ចែករំលែក៖