ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលមានចក្ខុវិស័យដ៏វែងឆ្ងាយក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ដើម្បីឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ មុនពេលឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ គឺកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដែលកំណើនសេដ្ឋកិច្ចខ្ពស់ ទាំងនៅក្នុងតំបន់ និងលើសកលលោក ជាមួយនិងអត្រាកំណើនជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជា ចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ជាមួយនិងសមិទ្ធផលត្រចះត្រចង់នេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាធិបតី ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានកំណត់ចក្ខុវិស័យដែលការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

នាឱកាសនោះដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ស្របតាមចក្ខុវិស័យនេះហើយ ទើបរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តដឹកនាំឈានឆ្ពោះទៅរកវឌ្ឍនៈភាព និងបង្កើតសមិទ្ធផលថ្មីៗ បន្ថែមទៀត ស្របតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ដោយពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាពអនុវត្ត តាមរយៈការដាក់ចេញជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរួមបញ្ចូលនូវកម្មវិធីគោលនយោបាយវិធានការគន្លឹះសំខាន់ៗ ដែលបានកំណត់ទិសដៅជាអទិភាពក្នុងការដឹកនាំប្រទេស ដើម្បីឆ្លើយតបទៅតាមតម្រូវការជាក់ស្តែងក្នុងរយៈពេល៥ឆ្នាំចំពោះមុខ ជាមូយនឹងការសម្លឹងទៅមុខក្នុងសម្រាប់រយៈពេល២៥ឆ្នាំ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលនឹងផ្តល់ទិដ្ឋាការពិសេសរយៈពេល ៣ឆ្នាំ សម្រាប់វិនិយោគិន ដែលទិញឬជួលអចលនទ្រព្យរយៈពេលវែងក្នុងខេត្តព្រះសីហនុ ដែលមានតម្លៃលើសពី ១០០ ០០០ដុល្លារអាមេរិក ដោយប្រភេទនៃទិដ្ឋាការពិសេសនេះត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។

ទន្ទឹមនឹងការផ្តល់ «អត្ថប្រយោជន៍ពិសេស» ដល់គម្រោង ឬសកម្មភាពផ្សេងៗជាច្រើន រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួនទៀតដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែម ជារួមដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្តព្រះសីហនុ ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ការផ្តល់ទិដ្ឋាការពិសេសរយៈពេល ៣ឆ្នាំ សម្រាប់វិនិយោគិនដែលទិញ ឬជួលអចលនទ្រព្យរយៈពេលវែង ក្នុងខេត្តព្រះសីហនុដែលមានតម្លៃលើសពី ១០០ ០០០ដុល្លារអាម៉េរិក ដោយប្រភេទនៃទិដ្ឋាការពិសេសនេះ ត្រូវកំណត់ដោយ អនុក្រឹត្យដោយឡែក»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ក្រៅពីនេះរាជរដ្ឋាភិបាលក៏មានផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖ ការរៀបចំតំបន់គម្រោងវិនិយោគ ឬតំបន់អភិវឌ្ឍនៅតាមភូមិ, សង្កាត់ និងផ្លូវសំខាន់ៗ ដូចជា តំបន់ទេសចរណ៍ពិសិដ្ឋ, តំបន់លក់ទំនិញរួចពន្ធដែលគ្រប់ជាតិសាសន៍អាចទិញទំនិញបាន, វិថីអាហារ និងរមណីយដ្ឋាន/កន្លែងកម្សាន្ត ជាដើម ជាជំហានៗ ស្របតាមសក្តានុពល និង ភូមិសាស្ត្រជាក់ស្ដែង, ការពន្លឿនការត្រួតពិនិត្យគយ ក៏ដូចជាការកែសម្រួល និងការផ្តល់សេវាល្អជូនដល់ភ្ញៀវទេសចរ និងវិនិយោគិន, ទាំងនៅពេលមកដល់, ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ ៕

ដោយ ៖ សិលា


ចែករំលែក៖