ព័ត៌មានទាន់ហេតុការណ៍៖

សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នាព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារឆ្នេរសុខា ក្នុងខេត្តព្រះសីហនុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុង ខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលកម្មវិធីនេះគឺជាគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ផ្ទាល់ ក្រោមការសិក្សា និងរៀបចំដោយក្រុមការងារអន្តរក្រសួង ដែលដឹកនាំដោយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់គោលដៅប្រើប្រាស់ធនធានដែលមានសក្តានុពល និងមានមូលដ្ឋានឧស្សាហកម្មស្រាប់ សម្រាប់ជំរុញសន្ទុះសកម្មភាពសេដ្ឋកិច្ចជាតិ ឱ្យកាន់តែក្លៀវក្លាឡើង, ជាពិសេស ប្រើប្រាស់ឱ្យអស់លទ្ធភាព នូវហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលសម្រេចបានកន្លងមក, ដែលក្នុងនោះ, ខេត្តព្រះសីហនុ មានជាស្រេច នូវតំបន់សេដ្ឋកិច្ចពិសេសធំៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវលឿនភ្នំពេញ-ព្រះសីហនុ និងចំណតកំពង់ផែទឹកជ្រៅ ដែលតភ្ជាប់ខេត្តនេះ ទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតទាំងក្នុងប្រទេស និងក្នុងតំបន់ ។ បន្ថែមលើនេះ, រាជរដ្ឋាភិបាល ក៏កំពុងគិតគូររៀបចំមជ្ឈមណ្ឌលឡូជីស្លឹកកម្រិតតំបន់ នៅក្នុងខេត្តនេះផងដែរ ទៅក្នុងក្របខ័ណ្ឌនៃការរៀបចំផែនការមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របជាមួយការអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជា របៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ។

ខណៈដែលខេត្តព្រះសីហនុ ប្រឈមនឹងការរីកលូតលាស់យឺត និងមានបញ្ហាអគារជាប់គាំង បន្ទាប់ពី វិបត្តិជំងឺកូវីដ-១៩, រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់, ជាពិសេស ការដោះស្រាយ គម្រោងវិនិយោគជាប់គាំង ក្នុងខេត្តនេះ ។ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខផង និងជំរុញការអភិវឌ្ឍ សម្រាប់រយៈពេលមធ្យម និងវែងផង, ការគិតគូររបស់យើងត្រូវតែមានលក្ខណៈជាកញ្ចប់ ដើម្បីលើកស្ទួយ សកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងខេត្តឱ្យកាន់តែខ្លាំងឡើង ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល សម្រេចដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» សំដៅកសាងខេត្តព្រះសីហនុ ទៅជាខេត្តឈានមុខ និងជាខេត្តគំរូ ក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍ ឧស្សាហកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ប្រែក្លាយខេត្តនេះ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ព្រមទាំងចូលរួមពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យកាន់តែស្ទុះឡើង ក្នុងរយៈពេលខ្លី ។

ក្នុងន័យនៃការផ្តល់ «អត្ថប្រយោជន៍ពិសេស», កម្មវិធីនេះ នឹងផ្តល់ការសម្រួលនីតិវិធី និងការលើកទឹកចិត្ត ពិសេស, បន្ថែមពីការកំណត់ក្នុងច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន, ដល់វិនិយោគិន និងធុរជន ដែលស្នើសុំ និងអនុវត្តគម្រោង ឬសកម្មភាពក្នុងឆ្នាំ ២០២៤ នេះ ទៅតាមប្រភេទគម្រោង ឬសកម្មភាព រួមមាន៖

ទី១. គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង នឹងទទួលបានអត្ថប្រយោជន៍ ដូចជា ការលើកលែង ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមារយៈពេល ៣ ឆ្នាំ បន្ថែម; ការលើកលែង អាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ ចំពោះការសាងសង់បញ្ចប់ និងការជួសជុលកែលម្អលើអគារ ដែលជាប់គាំង; ការលើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យរយៈពេល ៥ ឆ្នាំ; ការលើកលែងពន្ធ អចលនទ្រព្យ និងការលើកលែងទណ្ឌកម្មរដ្ឋបាល; ការលើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើស សន្ទស្សន៍ប្រើប្រាស់ដីចំពោះការស្នើសុំលិខិតអនុញ្ញាតពាក់ព័ន្ធនឹងការសាងសង់; ការសម្រួលនីតិវិធី និងបែបបទ នៃការស្នើសុំលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងការងារសំណង់; ការផ្តល់ការអនុគ្រោះលើ ថ្លៃត្រួតពិនិត្យ និងការបញ្ជាក់ផ្សេងៗពាក់ព័ន្ធសំណង់; ការសម្រួលបែបបទ និង នីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា; ការរៀបចំគោលការណ៍ និង ការសម្របសម្រួលបង្កើតទីផ្សារលក់ឡៃឡុងអចលនទ្រព្យ ព្រមទាំងការផ្តល់សេវាផ្គូផ្គងវិនិយោគិន រួមទាំង ការកំណត់តម្លៃយោង (Reference- Price) សម្រាប់អចលនទ្រព្យក្នុងខេត្តព្រះសីហនុ និងការជំរុញ ការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមបទប្បញ្ញតិច្បាប់ចំពោះវិវាទ ដែលពាក់ព័ន្ធនឹងការវិនិយោគ ។

ទី២. គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង នឹងទទួលបាន អត្ថប្រយោជន៍ ដូចជា ការសម្រួលបែបបទ និងនីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា; ការផ្តល់ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល, ពន្ធប៉ាតង់, ពន្ធលើផ្ទាំងផ្សព្វផ្សាយ, ពន្ធកាត់ទុកលើការជួលអចលនទ្រព្យ និងកម្រៃសេវា ចុះបញ្ជី ជាដើម ដល់សហគ្រាសដែលមកវិនិយោគ ឬធ្វើធុរកិច្ចក្នុងខេត្តព្រះសីហនុ: ការផ្តល់ការលើកទឹកចិត្ត លើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមារយៈពេល ៣ ឆ្នាំ បន្ថែម សម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសហគ្រាសធុនតូច និងមធ្យម ដែលបាន ចុះបញ្ជីពន្ធដារ និងការអនុញ្ញាតឱ្យអនុវត្តអាករលើតម្លៃបន្ថែមអត្រាសូន្យភាគរយ សម្រាប់សហគ្រាស ធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ ចំពោះការទិញធាតុចូលផលិតកម្មដែលផលិតក្នុងស្រុក ។

ទី៣. ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច នឹងទទួលបានអត្ថប្រយោជន៍ ដូចជា ការសម្រួលនីតិវិធី, បែបបទ និងការអនុញ្ញាតផ្សេងៗសម្រាប់បម្រើដល់ការអនុវត្តគម្រោង ឬសកម្មភាពពង្រីកការវិនិយោគ និង/ឬ ធុរកិច្ច; ការផ្តល់ការលើកទឹកចិត្ត និងការអនុគ្រោះនានា ដូចជាពន្ធអាករនាំចូល, ពន្ធប៉ាតង់, ពន្ធលើ ផ្ទាំងផ្សព្វផ្សាយ និងពន្ធកាត់ទុកលើការជួលអចលនទ្រព្យ ជាដើម ដល់សហគ្រាសដែលអនុវត្តគម្រោង ឬសកម្មភាពពង្រីកការវិនិយោគ និង/ឬ ធុរកិច្ច ការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួលបានការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគណនាពន្ធលើប្រាក់ចំណូល និងការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល រយៈពេល ៣ ឆ្នាំ ផ្អែកតាមសមាមាត្រនៃអត្រាទុនពង្រីក និងការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួលបាន ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់ធ្វើជាមូលដ្ឋានក្នុងការគណនាពន្ធលើប្រាក់ចំណូល ។

ទន្ទឹមនឹងការផ្តល់ «អត្ថប្រយោជន៍ពិសេស» ដល់គម្រោង ឬសកម្មភាព ទាំង ៣ ប្រភេទខាងលើនេះ, រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួនទៀតផងដែរ ដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្ត បន្ថែមជារួមដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្តព្រះសីហនុ ។ វិធានការ ទាំងនោះ រួមមាន៖ ការរៀបចំតំបន់គម្រោងវិនិយោគ និង/ឬ តំបន់អភិវឌ្ឍ នៅតាមភូមិ, សង្កាត់ និងផ្លូវ សំខាន់ៗ ដូចជា តំបន់ទេសចរណ៍ពិសិដ្ឋ, តំបន់លក់ទំនិញរួចពន្ធ ដែលគ្រប់ជាតិសាសន៍អាចទិញ ទំនិញបាន, វិថីអាហារ និងរមណីយដ្ឋាន/កន្លែងកម្សាន្ត ជាដើម ជាជំហានៗ ស្របតាមសក្តានុពល និង ភូមិសាស្ត្រជាក់ស្តែង; ការផ្តល់ទិដ្ឋាការពិសេសរយៈពេល ៣ ឆ្នាំ សម្រាប់វិនិយោគិនដែលទិញ ឬ ជួល អចលនទ្រព្យរយៈពេលវែង ក្នុងខេត្តព្រះសីហនុដែលមានតម្លៃលើសពី ១០០.០០០ ដុល្លារអាម៉េរិក ដោយ ប្រភេទនៃទិដ្ឋាការពិសេសនេះ ត្រូវកំណត់ដោយ អនុក្រឹត្យ ដោយឡែក; ការពន្លឿនការត្រួតពិនិត្យគយ ក៏ដូចជាការកែសម្រួល និងការផ្តល់សេវាល្អ ជូនដល់ភ្ញៀវទេសចរ និងវិនិយោគិន, ទាំងនៅពេលមកដល់, ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ ការរៀបចំ និងការអនុវត្តយុទ្ធនាការ «ទីក្រុងសុវត្ថិភាព», ព្រឹត្តិការណ៍ និងកម្មវិធីនានា ដើម្បីស្តារ និងពង្រឹងកិត្តិនាម របស់ខេត្តព្រះសីហនុ លើឆាកអន្តរជាតិ; ការពន្លឿនការអនុម័ត និងការប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេ ប្រែក្លាយខេត្តព្រះសីហនុជាតំបន់ សេដ្ឋកិច្ចពិសេសគំរូពហុបំណង; ការកំណត់អាទិភាព និងការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលចាំបាច់សម្រាប់គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម, ការអភិវឌ្ឍទេសចរណ៍ និងការទាក់ទាញ ការវិនិយោគ; ការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងសួនឧស្សាហកម្មធំៗ, ជាពិសេស ការពង្រឹងតំបន់សេដ្ឋកិច្ច ពិសេសដែលមានស្រាប់ ឱ្យឈានដល់កម្រិតស្តង់ដាអន្តរជាតិ លើគ្រប់ទិដ្ឋភាព រួមមាន ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត វត្ថុធាតុដើម និងធាតុចូលផ្សេងៗ, កិច្ចសម្រួល ការដឹកជញ្ជូន និងពាណិជ្ជកម្ម, ការលើកទឹកចិត្ត និងវិធានការគាំទ្រផ្សេងទៀត; ការសម្របសម្រួល ក្នុងការអភិវឌ្ឍដីដែលមានសក្តានុពល (ដីកម្មសិទ្ធិរដ្ឋ ឬឯកជន) ដើម្បីប្រែក្លាយដីទាំងនេះទៅជា តំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬសហគ្រាស និង/ឬតំបន់ទេសចរណ៍ ដែលរាជរដ្ឋាភិបាលនឹងចូលរួមគាំទ្រ ផ្នែកគោលនយោបាយលើកទឹកចិត្ត, ការអនុគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធនានា; និងការអនុវត្តតំបន់ សាកល្បងគំរូមួយ ឬច្រើន ដែលជាតំបន់សេដ្ឋកិច្ចពិសេស, តំបន់ទេសចរណ៍ពិសិដ្ឋ, តំបន់ពាណិជ្ជកម្មសេរី, តំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬភណ្ឌាគារគយ ដើម្បីប្រមូលផ្តុំធនធាន និង ជំរុញការអភិវឌ្ឍ ឱ្យបានលឿន និងមានប្រសិទ្ធភាព ដែលអាចជ្រើសរើសចេញពីតំបន់ដែលត្រូវពង្រីកបន្ថែម, ឬនៅស្ទឹងហាវ ឬកន្លែង ដទៃទៀត តាមរយៈកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន, និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមនិងសកម្មភាពផ្សេងៗរួមគ្នា ។

ជាចុងក្រោយ សម្តេចធិបតី បានណែនាំឱ្យគណបញ្ជាការឯកភាពខេត្តព្រះសីហនុ កងកម្លាំងសមត្ថកិច្ច យកចិត្តទុកដាក់លើការពង្រឹងនិងធានាសន្តិសុខ និងទប់ស្កាត់ការប្រើប្រាស់អាវុធខុសច្បាប់ ព្រមទាំងបានដាក់បទបញ្ជាឱ្យធ្វើការបិទទាំងស្រុងនូវរាល់ទីតាំងបាញ់កាំភ្លើងឯកជននៅក្នុងខេត្តព្រះសីហនុ ៕

ដោយ ៖ សិលា


ចែករំលែក៖