ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសជលផលជិត២០០ករណីត្រូវបានបង្រ្កាបនិងជនសង្ស័យចំនួន១៣នាក់ត្រូវបានឃាត់បញ្ជូនទៅតុលាការក្នុងឆ្នាំ២០២៣

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន១៣នាក់ត្រូវបានសមត្ថកិច្ចឃាត់បញ្ជូនទៅតុលាការនៅក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសជលផលប្រមាណជិត២០០ករណី នៅក្នុងឆ្នាំ២០២៣។ 

នេះបើតាមការបញ្ជាក់របស់នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក លី ឡា ដែលបានបញ្ជាក់កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤  ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានប្រាប់ឱ្យដឹងថា ឆ្នាំ២០២៣កន្លងមកនេះ សមត្ថកិច្ចជំនាញនិងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានបានបង្ក្រាបបទល្មើសជលផលបានចំនួន១៩៧ករណី បំផ្លាញចោលឧបករណ៍នេសាទ១៦៧ករណី។ ការបង្រ្កាបបទល្មើសជលផលមានដូចជា ការប្រើប្រាស់ឧបករណ៍ស្បៃមុង ដាក់សម្រាស់ និងរបាំងលបដែលមានប្រវែងវែង ។ ការដឹកជញ្ជូនផលិតផលជលផល ដែលគ្មានច្បាប់អនុញ្ញាត្ត ឧបករណ៍ជនរុញដោយកម្លាំងម៉ាស៊ីន និងបទល្មើសមួយចំនួនផ្សេងទៀត ។

ជាមួយនេះបទល្មើសដោយប្រើឧបករណ៍ឆក់ និងប្រើគ្រឿងចក្រឈូសឆាយព្រៃលិចទឹកបង្ក្រាបបាន១២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ បញ្ជូនទៅតុលាការផងដែរ ។

យោងតាមការបញ្ជាក់របស់នាយខណ្ឌរដ្ឋបាលជលផលបានបញ្ជាក់ថា បទល្មើសនេសាទនៅឆ្នាំ២០២៣កន្លងមកនេះ បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ មានការថយចុះ បើប្រៀបធៀបនឹងឆ្នាំ២០២២ ។ ដែលករណីនេះត្រូវបានលោកនាយខណ្ឌបញ្ជាក់ថា មូលហេតុនៃការថយចុះនៃបទល្មើសជលផលនេះ ដោយសារតែការចុះអប់រំផ្សព្វផ្សាយរបស់មន្រ្តីជំនាញ និងកិច្ចសហការនៃការបង្រ្កាបនិងទប់ស្កាត់បានទាន់ពេលវេលា ៕

ដោយ៖ ចន្ថា


ចែករំលែក៖