ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ ៤៦នាក់ ដោយភ្លើងឆេះព្រៃនៅប្រទេសឈីលី

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤បានផ្សាយថា ប្រធានាធិបតីឈីលី លោក Gabriel Boric បានឱ្យដឹងថា ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅដែលកំពុងវាយលុកតំបន់ភាគកណ្តាលប្រទេសអាមេរិកខាងត្បូងមួយនេះ បានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស៤៦នាក់ ហើយតួលេខត្រូវបានអាជ្ញាធររំពឹងថា នឹងបន្តកើនឡើងថែមទៀត។
ផ្សែងខ្មៅបាននិងកំពុងគ្របដណ្តប់ផ្ទៃមេឃនៅលើផ្នែកជាច្រើននៃតំបន់ Valparaiso ដែលជាតំបន់នៅភាគកណ្តាលឈីលី មានមនុស្សរស់នៅសរុបប្រហែលជិត១លាននាក់ ខណៈក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ដែលប្រើប្រាស់ទាំងឧទ្ធម្ភាគចក្រនិងរថយន្តជាច្រើនគ្រឿងនៅតែពិបាកក្នុងការគ្រប់គ្រងនិងពន្លត់ភ្លើងឆេះព្រៃនោះ។ លោក Boric បានប្រាប់ថា មនុស្ស៤០នាក់បានស្លាប់ ដោយសារភ្លើងឆេះព្រៃផ្ទាល់ ខណៈ៦នាក់ផ្សេងទៀតបានស្លាប់ក្នុងមន្ទីរពេទ្យ ដែលរងការឆាបឆេះ។
គិតត្រឹមពេលនេះ វាគឺជាការរីករាលដាលភ្លើងឆេះព្រៃដែលសម្លាប់មនុស្សច្រើនបំផុតនៅប្រទេសឈីលី ក្នុងពេល១ទសវត្សរ៍ចុងក្រោយ។ នៅទូទាំងប្រទេសអាមេរិកខាងត្បូងនេះមានទាំងមូលគឺកំពុងមានភ្លើងឆេះព្រៃសរុប៩២កន្លែងផ្សេងគ្នា ហើយផ្ទៃដីជាង៤៣,០០០ហិកតា បានរងការប៉ះពាល់។ បើតាមលោកប្រធានាធិបតីឈីលី ដោយសារតែស្ថានភាពធ្ងន់ធ្ងរបែបនេះ តួលេខអ្នកស្លាប់ទំនងជានឹងបន្តកើនឡើងថែមទៀត។
ករណីភ្លើងឆេះព្រៃមិនមែនជារឿងកម្រកើតមាននៅប្រទេសឈីលីឡើយ ខណៈកាលពីឆ្នាំមុន អំឡុងបាតុភូតរលកកម្តៅខ្លាំងបំបែកកំណត់ត្រាមនុស្សប្រមាណ២៧នាក់បានស្លាប់ ហើយផ្ទៃដីសរុបជាង៤០០,០០០ហិកតាបានរងការឆាបឆេះ៕ ដោយ៖ ធីរីណា

រូបថត៖ AFP


ចែករំលែក៖